ព័ត៌មានជាតិ

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យដោយសំឡេង ១១៥/១១៥

image


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានកូរ៉ុមសមាជិកសមាជិកា រដ្ឋសភាចូលរួមចំនួន ១១៥ រូប។សម័យរដ្ឋលើកទី៣នេះ ក៏មានវត្តមានចូលវរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាអនុម័តលើរបៀបវារៈ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដោយសំឡេង ១១៥/១១៥។

សូមជម្រាបថា៖ កាលបីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន៧មាត្រា ត្រូវបានរៀបចំឡើង ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្មឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាបមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្ម ដែលត្រូវបានរកឃើញដោយ អ.វ. ត .ក. រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្ត្រនៅក្នុងច្បាប់តែម្តងសំដៅម្យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ច មិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ម្យ៉ាងទៀត ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុតដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។ សេចក្តីព្រាងច្បាប់នេះ បានធ្វើការដំឡើងកម្រិតទោសចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ ៥០លានរៀល សំដៅធានាការពារនូវឧត្តមភាពនិងកិត្យានុភាពនៃសេចក្តីសម្រេចស្ថាពរនិងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក.។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។

ក្រសួងយុត្តិធម៌ ក៏បានពិនិត្យសិក្សា និងរៀបចំការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យស្របទៅតាមបរិបទថ្មីនៃការបិទបញ្ចប់ដំណើរការនីតិវិធីក្នុងគ្រប់សំណុំរឿង និងការចេញសាលដីកាស្ថាពរដោយ អ.វ.ត.ក.៕

ដោយ៖ វង សុភ័ក្ត្រ