លោកត្រាំ ហៅលោកហ្សេលែនស្គី ថាជាជនផ្ដាច់ការ ក្រោយមេដឹកនាំអ៊ុយក្រែន ចោទលោកត្រាំថាយកព័ត៌មានមិនពិតរបស់រុស្ស៊ីមកផ្សព្វផ្សាយ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃពុធ បានហៅប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelensky) ថាជា "ជនផ្តាច់ការដោយគ្មានការបោះឆ្នោត" ដោយធ្វើឱ្យមានសង្គ្រាមពាក្យសម្តីជាសាធារណៈរវាងមេដឹកនាំទាំងពីរ ដែលបានចាប់ផ្តើមនៅពេលលោកត្រាំ (Trump) ចោទប្រកាន់ទាំងមិនពិតទៅលើអ៊ុយក្រែនថា ជាអ្នកចាប់ផ្តើមសង្រ្គាមជាមួយរុស្ស៊ី ។
ការចោទប្រកាន់របស់លោក Trump ដែលបានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់លោក បានកើតឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីលោក Zelensky បានចោទប្រកាន់លោកត្រាំ ពីទង្វើផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ីឡើងវិញ ។
បន្ថែមពីនេះ លោក Trump ក៏បានព្រមានថា លោក Zelenskiy ចាំបាច់ត្រូវចាត់វិធានការបោះឆ្នោតឱ្យបានឆាប់រហ័សបំផុត ដើម្បីទទួលបានសន្តិភាព បើមិនដូច្នេះទេ អ៊ុយក្រែន អាចប្រថុយប្រថាននឹងការបាត់បង់អធិបតេយ្យភាពរបស់ខ្លួនជាក់ជាមិនខានឡើយ។ ពាក្យសម្ដីរបស់លោក Trump បានបង្កឱ្យមានក្ដីព្រួយបារម្ភអំពីភាពតាងតឹងរវាងមេដឹកនាំទាំងពីរ (អ៊ុយក្រែន-អាម៉េរិក) ក៏ដូចជាបង្កើនក្ដីព្រួយបារម្ភក្នុងចំណោមមន្ត្រីរបស់អឺរ៉ុបផងដែរ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងរដ្ឋធានីគីវ (Kyiv) លោក Zelensky បានច្រានចោលនូវការអះអាងគ្មានមូលដ្ឋានមួយចំនួន ដែលធ្វើឡើងដោយប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃអង្គារ ខណៈលោកបានពង្រឹងជំហររបស់អ៊ុយក្រែនថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម ត្រូវតែមានការចូលរួមពីអ៊ុយក្រែន ។
លោក Zelensky បានលើកឡើងដែរថា «លោកតែងគោរពចំពោះលោកប្រធានាធិបតី Trump និងប្រជាជនអាម៉េរិក ដោយអ៊ុយក្រែន ទទួលស្គាល់ចំពោះការគាំទ្រដែលខ្លួនទទួលបានពីសហរដ្ឋអាម៉េរិក ប៉ុន្តែលោកសូមរិះគន់លោក Trump ដែលហាក់ដូចជាទទួលរងឥទ្ធិពល ឬជាប់ផុងនៅក្នុងព័ត៌មានមិនពិតរបស់រុស្ស៊ីច្រើនពេកហើយ» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNN/ Reuters Connect
រូបភាព៖ Various Sources