ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស៊ុយអែត៖ ដើម្បីឱ្យសន្តិភាពស្ថិតនៅយូរអង្វែង អ៊ុយក្រែនគួរតែត្រូវចូលរួមនៅក្នុងកិច្ចពិភាក្សាសន្តិភាព

image


ស៊ុយអែត៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោក អាហ្វ គ្រីស្ទ័រសុន (Ulf Kristersson) កាលពីថ្ងៃពុធ មានប្រសាសន៍ថា ដើម្បីឱ្យសន្តិភាពស្ថិតនៅយូរអង្វែង អ៊ុយក្រែនគួរតែត្រូវចូលរួមនៅក្នុងកិច្ចពិភាក្សានៃការសម្រេចកំណត់លក្ខខណ្ឌសន្តិភាព។

ថ្នាក់ដឹកនាំកំពូលរូបនេះ បានរៀបរាប់បន្ថែមទៀតថា អ៊ុយក្រែនមិនគួរអវត្តមាននៅក្នុងតុចរចាណាមួយដែលនិយាយពីដំណោះស្រាយរបស់អ៊ុយក្រែននោះទេ ឬក៏គ្មានបញ្ហាណាដែលពាក់ព័ន្ធជាមួយនឹងអឺរ៉ុប ប៉ុន្តែមិនមានការអនុញ្ញាតិឱ្យអឺរ៉ុបចូលរួមនោះដែរ ។

លោកបានលើកឡើងជាបន្តទៀតថា បណ្ដាប្រទេសនានា ចាំបាច់ត្រូវបង្កើនប្រព័ន្ធការពារឱ្យបានខ្ពស់ជាទីបំផុត ។

គួររម្លឹកថា ប្រទេសបារាំង បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២ ដើម្បីពិភាក្សាអំពីសន្តិសុខអ៊ុយក្រែន និងអឺរ៉ុប ជាមួយបណ្ដាប្រទេសអឺរ៉ុបដែលអវត្តមានក្នុងជំនួបនោះ កាលពីដើមសប្ដាហ៍ ក៏ដូចជាមានការចូលរួមបន្ថែមពីសម្ព័ន្ធមិត្តកាណាដាថែមទៀតផង ។

ដោយឡែក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃពុធ បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) ថាជា "ជនផ្តាច់ការដោយគ្មានការបោះឆ្នោត" ហើយលោកបានព្រមានថា លោកហ្សេលែនស្គី (Zelenskiy) ចាំបាច់ត្រូវចាត់វិធានការបោះឆ្នោតឱ្យបានឆាប់រហ័សបំផុត ដើម្បីទទួលបានសន្តិភាព បើមិនដូច្នេះទេ អ៊ុយក្រែន នឹងប្រថុយប្រថាននឹងការបាត់បង់អធិបតេយ្យភាពរបស់ខ្លួនជាក់ជាមិនខានឡើយ។

ពាក្យសម្ដីរបស់លោកត្រាំ បានបង្កឱ្យមានក្ដីព្រួយបារម្ភអំពីភាពតាងតឹងរវាងមេដឹកនាំទាំងពីរ (អ៊ុយក្រែន-អាម៉េរិក) ក៏ដូចជាបង្កើនក្ដីព្រួយបារម្ភក្នុងចំណោមមន្ត្រីរបស់អឺរ៉ុបផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ AFP/ Others