ព័ត៌មានអន្តរជាតិ

មេធាវីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើឱ្យដោះលែងលោកយុន អំឡុងស្ថិតនៅក្នុងសវនាការជំនុំជម្រះព្រហ្មទណ្ឌ

image


កូរ៉េខាងត្បូង៖ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកប្រធានាធិបតីយុន បានព្យាយាមពន្យល់ពីបញ្ហាសំខាន់ៗ នៅក្នុងសវនាការដំបូងលើការជំនុំជម្រះព្រហ្មទណ្ឌរបស់តុលាការ ដើម្បីធ្វើយ៉ាងណា ឱ្យមានការលុបចោលការឃុំខ្លួនលោកយុន ។

ក្នុងនោះ មេធាវីរបស់លោកយុន បានព្យាយាមអះអាងថា ការស៊ើបអង្កេតលើការបះបោរ បានធ្វើឡើងក្នុងលក្ខណៈខុសច្បាប់តែប៉ុណ្ណោះ ដោយបន្ថែមទៀតថា មិនមានហានិភ័យណាមួយដែលព្រួយបារម្ភថា លោកយុន ព្យាយាមបំផ្លាញភស្តុតាងចោលនោះទេ ។

គួររម្លឹកថា លោកយុន ប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរ ដែលមិនធ្លាប់មានពីមុនមកនោះទេ សម្រាប់ប្រធានាធិបតីកំពុងកាន់អំណាច។ ការប្រកាសច្បាប់អាជ្ញាសឹករបស់លោកយុន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន បានបង្កឱ្យមានភាពចលាចលផ្នែកនយោបាយ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤នៅតំបន់អាស៊ី និងត្រូវជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក រហូតឈានដល់ការចោទប្រកាន់ និងព្យួរតំណែង រួមទាំងការចោទប្រកាន់លើមន្ត្រីយោធាកំពូលផ្សេងៗទៀតដែលមានជាប់ពាក់ព័ន្ធនឹងការបះបោរ ។

ទោះជាបែបណាក្ដី នៅពេលនេះ តុលាការ ក៏កំពុងតែពិចារណាលើសំណើរបស់មេធាវីលោកយុន ដែលបានដាក់ស្នើកាលពីដើមខែនេះ ដើម្បីឱ្យតុលាការ ត្រួតពិនិត្យមើលភាពស្របច្បាប់ពាក់ព័ន្ធនឹងការឃុំខ្លួនលើលោកយុន។ ប្រសិនបើលោកជាប់ពិរុទ្ធក្រោយបញ្ចប់ការកាត់ទោស លោកអាចនឹងប្រឈមមុខនឹងទោសជាប់ពន្ធនាគារជាច្រើនឆ្នាំ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកនាពេលកន្លងមក ជាច្បាប់ដែលមានគោលបំណងរឹតបន្តឹងសកម្មភាពនយោបាយ និងសភា ព្រមទាំងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Various Sources