នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ព្រមានមិនឱ្យកងកម្លាំងរដ្ឋាភិបាលស៊ីរីថ្មី ឈរជើងនៅតំបន់ភាគខាងត្បូង
អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឱ្យក្រុមប្រដាប់អាវុធឥស្លាមរបស់មេដឹកនាំស៊ីរីថ្មី លោកអាម៉េដ អាល់-សារ៉ា (Ahmed al-Sharaa) ហៅកាត់ថា HTS ឬក៏កងកម្លាំងប្រដាប់អាវុធនានា ដែលមានទំនាក់ទំនងជាមួយក្រុមនេះ ធើ្វការឈរជើង នៅតំបន់ភាគខាងត្បូងប្រទេសស៊ីរីនោះឡើយ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបន្តទាមទារឱ្យរដ្ឋាភិបាលថ្មីស៊ីរី កំណត់យកតំបន់ភាគខាងត្បូងរបស់ខ្លួន ជាតំបន់គ្មានកងទ័ព ពីព្រោះលោកបានបង្ហាញក្តីក្តីបារម្ភចំពោះអតីតទំនាក់ទំនងរវាងក្រុម HTS ជាមួយនឹងក្រុមភេរវករអាល់ដៃដា។
គួរជម្រាបថា ក្រុម HTS ដែលធ្លាប់សច្ចាសម្ព័ន្ធភាពជាមួយក្រុមភេរវករអាល់ដៃដា បានដឹកនាំការប្រយុទ្ធដ៏គួរឱ្យភ្ញាក់ផ្អើល និងយ៉ាងឆាប់រហ័ស ក្នុងការវាយដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាសពីរបបរបស់លោកបាសា អាល់-អាសាដ កាលពីដើមខែធ្នូ ដែលញ៉ាំងឱ្យការដឹកនាំតត្រកូលរយៈពេលជាង ៥០ឆ្នាំនៅស៊ីរី ត្រូវបិទបញ្ចប់ ប៉ុន្តែការផ្លាស់ប្តូរនេះហាក់បានធើ្វឱ្យអ៊ីស្រាអែល កាន់តែខ្វល់ខ្វាយជាងមុន ដោយបានធើ្វការបញ្ជូនកងកម្លាំងចូលមកតំបន់គ្មានកងទ័ពក្នុងទឹកដីភាគខាងត្បូងប្រទេសស៊ីរី បង្កក្ដីបារម្ភចំពោះការកើនឡើងនូវស្ថានភាពជម្លោះរវាងអ៊ីស្រាអែលនិងស៊ីរី ។
ជុំវិញរឿងនេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ពីជំហររបស់ខ្លួនថា នឹងបន្តរក្សាវត្តមានយោធាអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងប្រទេសស៊ីរី សម្រាប់ជាវិធានការការពារខ្លួន ស្របទៅតាមភាពចាំបាច់នៃស្ថានការណ៍នយោបាយក្នុងប្រទេសស៊ីរី ដែលនៅមិនទាន់មានភាពច្បាស់លាស់ ។
ទោះជាយ៉ាងណាក្តី ការដាក់ពង្រាយយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ទ្រនាប់ជាមួយប្រទេសស៊ីរីនេះ បានរងការរិះគន់ពីសហគមន៍អន្តរជាតិ ថាកំពុងតែបំពាននិងកិច្ចព្រមព្រៀងអន្តរជាតិដែលមានប្រទេសជាច្រើនជាម្ចាស់ហត្ថលេខី រួមទាំងអង្គការសហប្រជាជាតិផងដែរ ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ AP/ Others