អភិបាលខេត្តកំពង់ធំ បន្តជំរុញគោលនយោបាយស្វាយចន្ទី ដេីម្បីលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ
កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានលេីកឡេីងថា ខេត្តកំពង់ធំ ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ជាពិសេស ដំណាំស្វាយចន្ទីរ។ ដំណាំស្វាយចន្ទីរនេះ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការពង្រឹង និងពង្រីកវិស័យកសិកម្មរបស់កម្ពុជា សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ហេីយគោលនយោបាយនេះ ត្រូវបានបន្តជំរុញទៅមុខជាប់ជាប្រចាំ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ»។
លោក នួន ផារ័ត្ន បានលើកឡើងដូចនេះក្នុងពិធីចុះកិច្ចសន្យាទិញលក់គ្រាន់ស្វាយចន្ទីសើម រវាងក្រុមហ៊ុនមីរ៉ាត់ អាហ្រ្គី ថេក ឯ.ក (Mirarth) និងសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក នួន ផារ័ត្ន បានលេីកឡេីងថា ការរងារកសិកម្មនេះ សម្រាប់ខេត្តកំពង់ធំមានប្រជាពលរដ្ឋប្រមាណជាង ៧៣% ធ្វើកសិកម្ម។ ថ្មីៗនេះ សម្ដេចមហាបវរធិបតី បានអញ្ជើញមកកាន់ខេត្តកំពង់ធំដោយផ្ទាល់នៅសហគមន៍ស្វាយចន្ទីរ ចំនួនពីរលើករួចមកហើយ ដើម្បីពិនិត្យមើលសហគមន៍ទំនើប ព្រមទាំងបានដាក់ចេញនូវគោលនយោបាយមួយដែលត្រឹមត្រូវចាប់តាំងពីការដាំដុះ រហូតដល់ការនាំចេញ ធ្វើយ៉ាងណាជំរុញឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញមុខគេក្នុងវិស័យស្វាយចន្ទីរ។
លោកបានសរសើដល់សហគមន៍ក្នុងការរៀបចំផែនការបានយ៉ាងល្អ មានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាបានល្អជាងមុន១០-១៥%។ លោកក៏អំពាវនាវដល់សហគមន៍ស្វាយចន្ទីទាំងអស់ ពង្រីការដាំដុះឱ្យស្របទៅនឹងតម្រូវការរបស់អ្នកទិញ។
សូមបញ្ជាក់ថា សហគមន៍ទំនើបស្វាយចន្ទី ផ្ដួចផ្ដើម និងគាំទ្រឡើងដោយក្រសួងកសិកម្ម។ តាមរយ:ការបង្កើតសហគមន៍ទំនើបស្វាយចន្ទីនេះ និងធ្វើឲ្យជីវភាពសមាជិក ក្នុងសហគមន៍មានស្ថេរភាពប្រសើឡើង៕
ដោយ៖ ស៊ុម ស៊ីថាវរី