សម្តេចបវរធិបតី ជិះម៉ូតូដោយផ្ទាល់ដើម្បីពិនិត្យ និងផ្តល់គោលការណ៍ធ្វើផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី នៅខេត្តសៀមរាប
អត្ថបទ ៖ ហ៊ន សុភ័ក្រ
តាមរយះបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានបង្ហាញនៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា "ឆ្លៀតក្រោយបញ្ចប់ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត ចូលទស្សនាប្រាសាទដំរីក្រាប និងសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ"។
សម្តេចបវរធិបតី បានបន្តថា "សហគមន៍ទេសចរណ៍អន្លង់ធំ មានសមាជិកចំនួន ៣២៥គ្រួសារ បម្រើដល់សេវាកម្មទេសចរណ៍ដូចជា ម៉ូតូជួល ផ្ទះស្នាក់ (Homestay) និងអាហារ លើភ្នំគូលែនជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានសក្តានុពលសម្បូរទៅដោយបុរាណស្ថាន និងប្រាសាទនានា បែងចែកចេញជាវង់ធំ និងវង់តូច សរុបចំនួន ៨៥ទីតាំង ដោយអាចធ្វើដំណើរដោយថ្មើរជើង (Trekking) និង សេវាកម្មម៉ូតូជួល"។
សម្តេចបវរធិបតី បានបញ្ជាក់ថា "ក្រោយពីសំណេះសំណាល និងធ្វើដំណើរដោយផ្ទាល់តាមរយ:ការជិះម៉ូតូ ខ្ញុំបានបានផ្តល់គោលការណ៍ដល់កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បីពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើងនូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល បញ្ចៀសគ្រោះថ្នាក់ និងទាក់ទាញអ្នកទេសចរឱ្យបានកាន់តែច្រើនទៅកាន់កន្លែងនោះ "៕