កោះតៃវ៉ាន់ថ្កោលទោសចិន ពីបទហ្វឹកហាត់បាញ់គ្រាប់ពិតនៅក្នុងតំបន់ឈូងសមុទ្ររបស់ខ្លួន
តៃវ៉ាន់៖ កោះតៃវ៉ាន់បានលើកឡើងកាលពីរសៀលថ្ងៃពុធ ដោយបានថ្កោលទោសទៅលើប្រទេសចិនពីបទ មានឥរិយាបថបង្កហេតុ ហើយការលើកឡើងនេះ បានកើតមានឡើងបន្ទាប់ពីប្រទេសចិនបាននិយាយថា កងយោធាប្រទេសចិននឹងប្រារព្ធធ្វើនូវលំហាត់បាញ់គ្រាប់ពិតមួយ នៅតំបន់ឈូងសមុទ្រភាគនិរតី របស់កោះតៃវ៉ាន់ ស្របពេលដែលមេដឹកនំាជាន់ខ្ពស់ចិនធ្លាប់បានសន្យាថា នឹងប្រឹងប្រែងឥតរុញរាក្នុងការនំាយកកោះមួយនេះឱ្យវិលត្រឡប់មកស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋការទីក្រុងប៉េកំាងវិញ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ឱ្យដឹងបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កោះតៃវ៉ាន់ដែលមានលក្ខណៈជាស្វ័យាភិបាលប្រកបដោយលទ្ធិប្រជាធិបតេយ្យនោះ ប្រទេសចិនមើលឃើញថា កោះនេះនៅតែជាទឹកដីរបស់ខ្លួន បើទោះបីជាកោះតៃវ៉ាន់ធ្លាប់បានលើកឡើងជាញឹកញាប់លើការត្អូញត្អែរអំពីសកម្មភាពយោធាចិននានា រាប់បញ្ចូលទាំងការហ្វឹកហាត់សមយុទ្ធយោធាបាញ់គ្រាប់ពិតកាលពី៣ឆ្នំាមុននោះក្តី។
ដោយឡែក កងយោធារបស់កោះតៃវ៉ាន់ឯណោះ បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនដែរថា ខ្លួនរកឃើញមានយន្តហោះយោធាចិនប្រមាណជា ៣២គ្រឿងបានត្រៀមខ្លួនដើម្បីធ្វើលំហាត់បែបប្រយុទ្ធរួមគ្នា ដោយមានការចូលរួមពីក្រុមនាវាចំបាំងគំាទ្រនៅលើផ្ទៃទឹក ស្ថិតនៅក្នុងតំបន់ជ្រោយសាគរ ប្រមាណជា ៧៤គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់។
ភាគីតៃវ៉ាន់ដដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍វិស័យការពារជាតិរបស់ខ្លួនបន្ថែមទៀតដែរថា ការហ្វឹកហាត់បែបនេះ បង្កឱ្យមានគ្រោះថ្នាក់ដល់ជើងហោះហើរអន្តរជាតិ និងការដឹកជញ្ជូនលើផ្ទៃសមុទ្រ ហើយក៏ជាការបង្កហេតុយ៉ាងគឃ្លើនដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters