ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាម៉េរិក លើកទឹកចិត្តដល់ក្រុមបុគ្គលិករបស់ទីភ្នាក់ងារ USAID ដែលត្រូវរដ្ឋបាលលោកត្រាំបណ្តេញចេញពីការងារ

image


សហរដ្ឋអាម៉េរិក៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមបុគ្គលិករបស់ទីភ្នាក់ងារជំនួយអន្តរជាតិ ហៅកាត់ថា USAID ដែលបានមកប្រមែប្រមូលរបស់របរផ្ទាល់ខ្លួនចេញពីស្នាក់ការធំក្នុងទីក្រុងវ៉ាស៊ីនតោន បានទទួលការសាទរលើកទឹកចិត្តពីសំណាក់ពលរដ្ឋអាម៉េរិកសរុបជិត ១០០នាក់ ដែលបាននាំគ្នាមកលើកបដាបង្ហាញការគាំទ្រចំពោះបេសកកម្មរបស់ពួកគេ បន្ទាប់ពីពួកគេ ត្រូវបានស្ថាប័នប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោកមហាសេដ្ឋី Elon Musk ប្រកាសបណ្តេញចេញពីការងារ។

បុគ្គលិកទាំងនេះ ត្រូវគេផ្តល់ពេលវេលាឱ្យ ១៥នាទី ដើម្បីវេចខ្ចប់របស់របរចេញពីក្នុងអគារការិយាល័យ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ។

ជុំវិញរឿងនេះ បុគ្គលិករបស់ទីភ្នាក់ងារ USAID មួយរូប បានថ្លែងបញ្ជាក់ទៅកាន់សារព័ត៌មានរ៉យទ័រថា លោកស្រីពិតជាបារម្ភចំពោះស្ថានភាពរស់នៅរបស់ក្រុមបុគ្គលិកសរុបចំនួន ៩០% ដែលត្រូវរដ្ឋបាលលោកដូណាល់ត្រាំប្រកាសបណ្តេញចេញពីការងារ ដោយសារតែអ្នកទាំងនោះមួយភាគធំ គឺជាអ្នកដែលមានគ្រួសារនៅក្នុងបន្ទុក ដោយចាំបាច់ត្រូវការថវិកាជាប្រចាំ ដើម្បីទិញចំណីអាហារ និងថ្នាំសង្កូវផ្សេងៗ។

គួររម្លឹកថា កាលពីខែមករាកន្លងទៅ លោកដូណាល់ត្រាំ បានដាក់បទបញ្ជាឱ្យផ្អាករាល់ការផ្តល់ជំនួយរបស់ភ្នាក់ងារអភិវឌ្ឍអន្តរជាតិ USAID សម្រាប់រយៈពេល ៩០ថ្ងៃ ដើម្បីធើ្វការពិនិត្យឡើងវិញលើគម្រោងជំនួយនានា នៅក្នុងគោលដៅធានាការអនុលោមទៅនឹងគោលការណ៍ថ្មីរបស់លោក ដែលផ្តោតសំខាន់លើការកសាងសេដ្ឋកិច្ចរបស់អាម៉េរិកជាចម្បង (American First) ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Various Sources