ព័ត៌មានជាតិ

ឆ្នាំ ២០២៥នេះ កម្ពុជា គ្រោងចំណាយ ៥៤០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះគ្រោងសង់ផ្លូវថ្មី ៩០០គីឡូម៉ែត្រ

image


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងចំណាយថវិកាប្រមាណ ៥៤០លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានានៅក្នុងប្រទេសសម្រាប់ឆ្នាំ ២០២៥នេះ។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៥ របស់រាជរដ្ឋាភិបាល។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ទំហំទឹកប្រាក់វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឆ្នាំ ២០២៥នេះ គឺថយចុះបន្តិចបើធៀបកាលពីឆ្នាំ ២០២៣ និង២០២៤ ដែលកាលនោះរាជរដ្ឋាភិបាលបានកំណត់ច្បាប់ថវិកាចំណាយប្រហែល ៥៥០លានដុល្លារអាម៉េរិក និង ៥៨០លានដុល្លារអាម៉េរិក រៀងគ្នា។

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅរសៀលថ្ងៃទី ២៦ខែកុម្ភៈ ដោយមានប្រសាសន៍ថា នៅឆ្នាំនេះ រដ្ឋគ្រោងចំណាយថវិកាសម្រាប់សាងសង់ផ្លូវថ្មីប្រហែល ៩០០គីឡូម៉ែត្រ។

ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលអាចនឹងបន្ថយការចំណាយថវិកាមួយចំនួនទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់ចំាបាច់ខ្លាំង ដោយផ្តល់លទ្ធភាពប្រមូលថវិកាសម្រាប់គាំទ្រដល់វិស័យសុខាភិបាល និងអប់រំ ដែលសម្តេចចាត់ទុកថា ជាវិស័យអាទិភាពចម្បងត្រូវគិតគូរមុនគេ។

ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសសុំការយោគយល់ពីប្រជាពលរដ្ឋពាក់ព័ន្ធកំណាត់ផ្លូវ (កំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ) ដែលខូចខាតលំបាកធ្វើដំណើរ និងហុយ ក្រោមគម្រោងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសាររដ្ឋត្រូវយកថវិកាមកធ្វើប្រាស់ក្នុងតម្រូវការអាទិភាពវិស័យសុខាភិបាល សម្រាប់សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា៖ «រវាងហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតប្រជាជន សុខភាព និងចំណេះដឹង ត្រូវយកអាយុជីវិត សុខភាព និងចំណេះដឹងឲ្យមុន! ហេដ្ឋារចនាសម្ព័ន្ធអាចបន្ថយបន្តិចចុះ.....! មិនមែនថា យើងមិនគិតបងប្អូនហុយដីទេ ប៉ុន្តែទំហំថវិកានេះ យកមកបង្វិលទៅធ្វើពេទ្យ ICU ឲ្យស្រុក ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ ៦០កន្លែងទៀត ទឹកស្អាត ហើយថែមផ្សេងៗទៀត។ ប៉ុន្តែនោះយើងនឹងបន្ត យើងនឹងធ្វើ [ផ្លូវ] មួយឆ្នាំយើងនឹងបន្តធ្វើទៅមុខ»។

សម្តេចសង្កត់ធ្ងន់ថា៖ «ខ្ញុំថា បើសិនត្រូវកាត់ផ្លូវ ១០០គីឡូ ឬមួយត្រូវកាត់ផ្លូវ ២០, ៣០, ៥០គីឡូ ក្នុងមួយឆ្នាំ ហើយបង្វិលលុយនេះ ដើម្បីទៅដាក់ក្នុងគម្រោងជួយជីវិតមនុស្ស ជួយបង្កើនសមត្ថភាពអប់រំយើង ក៏ត្រូវហ៊ានធ្វើ។ នេះគឺជាការចាយថវិកាចំគោលដៅតែប៉ុណ្ណោះ»។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងជួសជុល ថែទាំប្រចាំកំណាត់ផ្លូវជាតិលេខ ៣ (ត្រពាំងរពៅ-វាលវេញ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងល្បឿនមធ្យម ទម្រាំកំណាត់ផ្លូវនេះ ឈានដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

យោងតាមផែនការច្បាប់គ្រប់គ្រងថវិកាជាតិសម្រាប់ឆ្នាំ ២០២៥នេះ រាជរដ្ឋាភិបាលគ្រោងចាយជាង ១ពាន់លានដុល្លារអាម៉េរិក សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ប្រមាណជាង​ ៦៦០លានដុល្លារអាម៉េរិក។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២ខែសីហា ឆ្នាំ ២០២៣ បានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» ដែលមានតម្រូវការវិនិយោគ ១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធភស្តុភារកម្មមានភាពកាន់តែល្អប្រសើរ រួមចំណែកលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។

ផែនការមេនេះមានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕