ព័ត៌មានអន្តរជាតិ

លោកហ្សេលែនស្គី និយាយថា លោកនៅតែគោរពលោកត្រាំ ក្រោយជម្លោះនៅឯសេតវិមាន អំឡុងកិច្ចព្រមព្រៀងរ៉ែ

image


សហរដ្ឋអាម៉េរិក៖ អំឡុងជំនួបនៅឯសេតវិមាន លើការពិភាក្សាអំពីកិច្ចព្រមព្រៀងធនធានរ៉ែ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានផ្លាស់ប្ដូរពាក្យសម្ដីដ៏តានតឹង កាលពីថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) ដោយលោក ហ្សេលែនស្គី (Zelenskiy) បានក្រើនរម្លឹកលោកត្រាំ (Trump) ឱ្យមានការប្រុងប្រយ័ត្ននៅក្នុងទំនាក់ទំនងជាមួយរុស្ស៊ី ខណៈលោកត្រាំ (Trump) បានចោទប្រកាន់លោកហ្សេលែនស្គី (Zelenskiy) ថាមានអាកប្បកិរិយាមិនសមរម្យ ។


មេដឹកនាំទាំងពីរ បានជួបគ្នានៅឯការិយាល័យអូវ៉ល (Oval) ដើម្បីពិភាក្សាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការចូលរួមរបស់សហរដ្ឋអាម៉េរិក នៅក្នុងឧស្សាហកម្មរ៉ែក្នុងប្រទេសអ៊ុយក្រែន ។


ក្នុងនោះ លោក ហ្សេលែនស្គី (Zelenskiy) បានធ្វើការជំទាស់ដោយបើកចំហរចំពោះ គោលជំហររបស់លោកត្រាំ (Trump) ជាមួយលោកពុទីន (Putin) ថាជាជំហរដែលទន់ខ្សោយ ហើយលោកត្រាំ (Trump) បានឆ្លើយតបទៅកាន់មេដឹកនាំអ៊ុយក្រែន ដោយព្រមានថា «លោកហ្សេលែនស្គី កំពុងលេងល្បែងជាមួយនឹងសង្គ្រាមលោកលើកទី៣» ។


លោកត្រាំ ក៏បានលើកឡើងបន្ថែមទៀតថា «លោកហ្សេលែនស្គី គួរតែគិតទៅថា គួរតែធ្វើកិច្ចព្រមព្រៀងមួយ ឬក៏ដកការគាំទ្ររបស់សហរដ្ឋអាម៉េរិកចេញវិញ»?


ទន្ទឹមនឹងនោះ លោកហ្សេលែនស្គី (Zelenskiy) បានជំរុញឱ្យលោកត្រាំ (Trump) គួរកុំធ្វើការសម្របសម្រួលជាមួយរុស្ស៊ី ដោយបានហៅលោកពុទីន ថាជា ”ឃាតករ”។ ជាចម្លើយ លោកត្រាំ ដែលមានបំណងបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស ព្រមទាំងពង្រឹងទំនាក់ទំនងអាម៉េរិក-រុស្ស៊ី បានបង្ហាញនូវការមិនយល់ស្របចំពោះពាក្យសម្ដីរបស់លោកហ្សេលែនស្គី ហើយបានសង្កត់ធ្ងន់ថា អ៊ុយក្រែន គួរតែបង្ហាញនូវការដឹងគុណឱ្យបានច្រើនបន្ថែមទៀត ។


ក្រោយពីមានជម្លោះពាក្យសម្ដីរវាងមេដឹកនាំកំពូលទាំងពីររួចមក លោកហ្សេលែនស្គី និយាយថា លោកនៅតែផ្ដល់ការគោរពជានិច្ចចំពោះលោកត្រាំ ព្រមទាំងប្រជាជនអាម៉េរិកទាំងអស់គ្នា នេះបើយោងតាមអ្វីដែលប្រធានាធិបតីអ៊ុយក្រែន បានរៀបរាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ហ្វុកញូវ (Fox News) នាថ្ងៃតែមួយនោះ ។


គួររម្លឹកថា លោកហ្សេលែនស្គី ទំនងជាយល់ឃើញថា ជំនួបនោះ ជាឱកាសសម្រាប់លោក ក្នុងការបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាម៉េរិក គួរកុំមានគោលជំហរខ្លាំងពេកលើលោកពុទីន ប៉ុន្តែជាចុងក្រោយ ការប៉ះទង្គិចពាក្យសម្ដីគ្នា ក៏បានធ្វើឱ្យជំនួបបញ្ចប់ទៅដោយមិនទទួលបានលទ្ធផលជាផ្លែផ្កា ស្របពេលមន្ត្រីអាម៉េរិកម្នាក់ លួចបង្ហើបថា មេដឹកនាំអ៊ុយក្រែន ត្រូវគេប្រាប់ឱ្យចាកចេញពីជំនួបថែមទៀតផង ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ inquisitr/ Others