សហរដ្ឋអាម៉េរិក បញ្ជូននាវាដឹកយន្តហោះ ចូលទៅកាន់កំពង់ផែកូរ៉េខាងត្បូង ក្នុងឈុតឆាកសម្ញែងកម្លាំងយោធា
កូរ៉េខាងត្បូង៖ បើតាមប្រភពយោធាជើងទឹកកូរ៉េខាងត្បូង បានបញ្ជាក់ពីការមកដល់នូវនាវាដឹកយន្តហោះចម្បាំងរបស់អាម៉េរិក USS Carl Vinson មកកាន់តំបន់កំពង់ផែក្រុងប៊ូសានកាលពីថ្ងៃអាទិត្យ ក្នុងឈុតឆាកជាការសម្ញែងកម្លាំងយោធាទៅកាន់ប្រទេសកូរ៉េខាងជើង ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលអាម៉េរិក។
ការបញ្ជូននាវាដឹកយន្តហោះមកកាន់សម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់អាម៉េរិកពេលនេះ គឺជាផ្នែកមួយនៃ “យុទ្ធសាស្រ្តអាវពាសដែក(Ironclad)” របស់អាម៉េរិក ដើម្បីជាការបន្លាចមហិច្ឆតាយោធារបស់របបដឹកនាំកូរ៉េខាងជើង និងបង្ហាញពីការត្រៀមខ្លួនសម្រាប់កិច្ចអន្តរាគមន៍យោធារវាងសម្ព័ន្ធមិត្តអាម៉េរិកនិងកូរ៉េខាងត្បូង។
នេះជាលើកទីពីរ ដែលអាម៉េរិកបានបញ្ជូននាវាដឹកយន្តហោះចូលមកតំបន់កំពង់ផែក្រុងប៊ូសាន ក្រោយពីការបង្ហាញខ្លួនរបស់នាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Theodore Roosevelt កាលពីក្នុងខែមិថុនាកន្លងទៅ ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នា។
គួរជម្រាបថា វត្តមាននាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដែលគេចាត់ទុកជាមូលដ្ឋានសឹកចល័តដ៏សំខាន់សម្រាប់ប្រតិបត្តិការដែនអាកាសនេះ កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានចុះពិនិត្យការបាញ់សាកល្បងគ្រាប់មីស៊ីលយុទ្ធសាស្រ្តរយៈចម្លាយខ្លី (Cruise) កាលពេលថ្មីៗ និងបានដាក់បញ្ជាឱ្យយោធាកូរ៉េខាងជើងបង្កើនការត្រៀមលក្ខណៈដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ សម្រាប់ការវាយប្រហារឆ្លើយតបទៅលើគូសត្រូវ។ នេះបើយោងតាមប្រព័ន្ធផ្សព្ធផ្សាយរដ្ឋកូរ៉េខាងជើង៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Others