សង្គម

គ្រោះថ្នាក់ណាស់! អ្នកបើកបររថយន្តបញ្ច្រាសទិសចរាចរណ៍លើផ្លូវល្បឿនលឿនម្នាក់ ត្រូវបានឃាត់ ដើម្បីអប់រំ ណែនាំ និងផាកពិន័យតាមនីតិវិធី

image


កំពង់ស្ពឺ៖ ក្រុមការងារក្រុមហ៊ុនផ្លូវល្បឿនលឿន សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ បញ្ច្រាសទិសចរាចរណ៍នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដើម្បីយកមកអប់រំ ណែនាំ និងផាកពិន័យ ព្រមទាំងដកពិន្ទុបើកបរតាមនីតិវិធីជាធរមាន។

បើតាមអ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបញ្ជាក់ដល់ប្រជាពលរដ្ឋថា ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

ក្រសួងសាធារណការ អំពាវនាវសារជាថ្មី និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាពឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា៕