ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែន យល់ថា ឱកាសនៃការបញ្ចប់សង្គ្រាម ហាក់មិនអាចទៅរួចក្នុងពេលឆាប់ៗនេះទេ

image


អ៊ុយក្រែន៖ កាលពីដើមសប្ដាហ៍នេះ កងកាំភ្លើងធំអ៊ុយក្រែនស្ថិតនៅទីសមរភូមិជួរមុខ ក្នុងតំបន់ដុនណេត (Donetsk) បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយរៀបរាប់ថា ពួកគេ ហាក់មិនមានការរំពឹងទុកណាមួយ ថាសង្គ្រាមជាមួយរុស្ស៊ី នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនោះទេ ។

អំឡុងដំណើរការរាយការណ៍ជាមួយទីភ្នាក់ងារ Reuters កងកម្លាំងអ៊ុយក្រែន ក៏បានត្រួតពិនិត្យរូបភាពវីដេអូផងដែរ ហើយការអត្ថាធិប្បាយដោយទាហានអ៊ុយក្រែន ទាក់ទងនឹងជម្លោះរវាងប្រធានាធិបតីអាម៉េរិក លោកត្រាំ (Trump) និងមេដឹកនាំអ៊ុយក្រែន លោក ហ្សេលែនស្គី (Zelenskiy) ត្រូវបានដកចេញពីវីដេអូតបតាមសំណើរបស់យោធា ។

កាលពីថ្ងៃអង្គារ ទី៤ ខែមីនា អ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួន អាចការពារខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធគ្នាជាមួយទាហានរុស្ស៊ីនៅលើទីសមរភូមិជួរមុខ និងសូម្បីតែនៅបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានផ្អាកជំនួយយោធាដល់អ៊ុយក្រែនក៏ដោយ។ ទីក្រុងគីវ បានកត់សម្គាល់ថា សកម្មភាពរបស់អាម៉េរិក គឺជាជំហានមួយដ៏ភ្ញាក់ផ្អើលបំផុតដែលឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី ។

អស់រយៈពេល៣ឆ្នាំមកនេះ អ៊ុយក្រែន បានពឹងផ្អែកលើជំនួយយោធាពីសហរដ្ឋអាម៉េរិក និងអឺរ៉ុបជាបន្តបន្ទាប់ ដើម្បីការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ស្របពេលសង្គ្រាម បានបណ្ដាលឱ្យទាហាននិងជនស៊ីវិលជាច្រើនសែននាក់របួសនិងស្លាប់ទាំងសងខាង ជាមួយនឹងការខាតបង់យ៉ាងច្រើនសម្បើមសម្រាប់ទីក្រុងនានារបស់អ៊ុយក្រែន ។

ក្នុងនោះ កងទាហានកាំភ្លើងធំអ៊ុយក្រែន ដែលកំពុងឈរជើងនៅជិតទីប្រជុំជនប៉ុកក្រូវ (Pokrovsk) បានលើកឡើងថា ទោះបីជាសហរដ្ឋអាម៉េរិក បានផ្គត់ផ្គង់គ្រាប់រំសេវជាច្រើន រួមទាំងក្បាលគ្រាប់ធំៗប្រភេទកាលីប័រ ១០៥មីលីម៉ែត្រក៏ដោយ ក៏យើងសង្ឃឹមថា សម្ព័ន្ធមិត្តអឺរ៉ុបនឹងចូលរួមផ្គត់ផ្គង់តម្រូវការយោធាជាច្រើនទៀត ។

គួររម្លឹកថា លោកត្រាំ បានផ្អាកជំនួយយោធាសម្រាប់អ៊ុយក្រែន បន្ទាប់ពីមេដឹកនាំទាំងពីរបានប៉ះទង្គិចពាក្យសម្ដីជាបន្តបន្ទាប់ កាលពីសប្ដាហ៍មុន ដោយធ្វើឱ្យទំនាក់ទំនងទ្វេភាគី កាន់តែប្រេះស្រាំ។ លោកត្រាំ ដែលគេមើលឃើញថា កាន់តែជិតស្និទ្ធជាមួយរុស្ស៊ីនោះ បាននិយាយថា អ៊ុយក្រែនកំពុងប្រថុយនឹងសង្គ្រាមលោកលើកទី៣ ដោយបន្ថែមថា អ៊ុយក្រែន អស់ឥទ្ធិពលហើយ ។

ជារួម ជម្លោះនៅភាគខាងកើតអ៊ុយក្រែន បានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៤ មកម្លេះ រហូតមកដល់ឆ្នាំ ២០២២ រុស្ស៊ី បានបញ្ជូនទាហានទ្រង់ទ្រាយធំទៅកាន់អ៊ុយក្រែន ហើយចាប់តាំងពីពេលនោះមក ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនទ្វេដង។ តាមរយៈការប៉ាន់ស្មាន បានឱ្យដឹងថា បច្ចុប្បន្ន រុស្ស៊ី កំពុងគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រមាណជា ១ភាគ៥ ឬប្រហែល ១១៣,០០០ គីឡូម៉ែត្រ ខណៈអ៊ុយក្រែនកំពុងគ្រប់គ្រងទឹកដីរុស្ស៊ីប្រហែល ៤៥០ គីឡូម៉ែត្រ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ AP