សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋខ្មែរត្រូវចេះគោរពគ្នា ក៉ំយកបណ្តាញសង្គមមកធ្វើឲ្យរឿងតូច ទៅជារឿងធំ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំ និងអំពាវនាវឲ្យយុវជនខ្មែរ ប្រជាពលរដ្ឋត្រូវចេះគោរពគ្នា បើចង់ល្បីក៉ំនិពន្ធទំនុងច្រៀងប្រើពាក្យមិនល្អ ឌឺដងដាក់គ្នា ។ សម្តេចបវរធិបតី បានបញ្ជាក់ថា “ការប្រើពាក្យសំដីល្អ ក៏ល្បីដែរ មិនមែនទាល់តែប្រើសំដីមិនល្អនោះទេ”។នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និង “ពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី៦”នាល្ងាចថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។
សម្តេចបវរធិបតី បានបញ្ជាក់ថា ក្នុងសម័យបច្ចេកវិទ្យានេះទៀត គឺកាន់តែត្រូវចេះយោគយល់គ្នា ។ សម្តេចក៏បានអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម សូមក៉ំយកបណ្តាញសង្គមមកធ្វើជាបញ្ហាកាន់តែធំ ។ ជាក់ស្តែងករណីខ្លះកើតឡើងតូចតាចទេ តែពេលបង្ហោះក្នុងបណ្តាញសង្គម មានអ្នកតាមដានមើលច្រើន អ្នកមើលក៏បានបញ្ចេញទស្សនៈ និងអារម្មណ៍វែកញែករឿងទាំងនោះកាន់តែធំ ។
ក្នុងន័យនេះ សម្តេចបានអំពាវនាវឲ្យអ្នកប្រើប្រាស់សង្គមយកការនិយាយគ្នា យោគយល់គ្នា ឲ្យបានច្រើន ជាដំណោះស្រាយ។
សម្តេចបវរធិបតី ក៏បានបញ្ជាក់ថា ការយោគយល់គ្នា ការគោរពគ្នា ក៏ជាការចូលរួមរក្សា និងអភិរក្ស វប្បធម៌ប្រពៃណីរបស់ខ្មែរយើងផងដែរ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អ៊ុន ផាន់ណាត