លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងសម្តេចមហាបវរធិបតី អញ្ជើញប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ ២០២៤និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ ឆ្នាំ២០២៥
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ ២០២៥។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តលសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុ ប្រធានប្រចាំការនៃ គ.វ.ជ. បានលើកឡើងថា៖ ផ្អែកលើលទ្ធផលនៃការចុះវាយតម្លៃដល់ទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យ លាភីអង្គភាព ការធ្វើបទបង្ហាញ ការសាក សួរព័ត៌មាន របស់គណៈកម្មការពាក់ព័ន្ធទៅនឹងលក្ខណៈវិនិច្ឆ័យគោលទាំង៨ និងការផ្តល់អំណះអំណាងអំពីទិដ្ឋភាពបច្ចេក ទេសនិងព័ត៌មានរបស់បេក្ខភាពជ័យលាភី អង្គភាពគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានវិនិច្ឆ័យសម្រេចចុងក្រោយ និងធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីអង្គភាពពីលេខ១ ដល់លេខ៥ និងរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីទទួលស្គាល់ជាផ្លូវការនូវបេក្ខ ភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង១០ អង្គភាពទៅតាមកម្រិត និងតាមវិស័យនីមួយៗ។
លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថាជាលទ្ធផលចុងក្រោយនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គ ភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ គណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យ វាយតម្លៃ និងជ្រើសរើសបានអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងនោះរួម មាន៖ ១០អង្គភាពសម្រាប់វិទ្យាល័យ ១០ អង្គភាពសម្រាប់សាលាមត្តេយ្យសិក្សា១០ អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPAI) ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) និង ១០អង្គ ភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3)។
លោក យក់ ប៊ុនណា បានបញ្ជាក់បន្ថែមថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យ គោរពស្នើសុំការសម្រេច និងសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ហើយដែលនឹងត្រូវប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់រង្វាន់ជាលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ក្នុងពិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។
សូមជម្រាបថា ពិធីប្រកាសជ័យលាភីនាព្រឹកនេះ មានវត្តមានអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង- ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិ បាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំ យុវ ជន និងកីឡាក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យស្រុកប្រតិបត្តិ នាយកនាយិកាវិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធាន មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង ២.០០០នាក់៕
ដោយ៖ វង សុភ័ក្ត្រ