ព័ត៌មានជាតិ

កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់

image


ភ្នំពេញ៖ នៅថ្ងៃទី ៦ខែមីនា ឆ្នាំ ២០២៥ កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥ (Cambodia-ASEAN Business Summit 2025) នៅរាជធានីភ្នំពេញ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចរបស់អាស៊ាន។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជា និងអាស៊ាន ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ នៅព្រឹកថ្ងៃទី ៦ខែមីនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក៏បានអញ្ជើញថ្លែងសន្ទរថាស្វាគមន៍ផងដែរ។

ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស បណ្តាអង្គទូត, តំណាងមកពីស្ថាប័នពាក់ព័ន្ធ, អ្នកដឹកនាំធុរកិច្ចក្នុងតំបន់អាស៊ាន និងអន្តរជាតិ, អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញមកពីវិស័យផ្សេងៗ ប្រមាណជាង ៦០០នាក់។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិ គ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានថ្លែងសន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់លើសក្ដានុពលសេដ្ឋកិច្ចរបស់អាស៊ាន និងអំពាវនាវឱ្យមានការសហការគ្នាកាន់តែខ្លាំងរវាងរដ្ឋាភិបាល និងវិស័យឯកជន។

អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «កិច្ចប្រជុំកំពូលនេះគឺជាសក្ខីភាពមួយចំពោះស្មារតីរួមរបស់យើង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាង និងចិញ្ចឹមបីបាច់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ នៅពេលយើងធ្វើការជិតស្និទ្ធជាមួយគ្នា យើងកាន់តែរឹងមាំក្នុងនាមជាប្រជាជាតិ និងតំបន់ ដែលការពារយើងពីភាពមិនប្រាកដប្រជាជាសកល ឆ្ពោះទៅរកការសម្រេចបាននូវសក្តានុពលសេដ្ឋកិច្ច និងវិបុលភាពពេញលេញរបស់យើង»។

ក្នុងអំឡុងពេលដែល គណៈប្រតិភូមកពីប្រទេសអាស៊ាន ក៏ដូចជាដៃគូពិភពលោកសំខាន់ៗដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ជប៉ុន និងចិន កំពុងចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ ការសន្ទនារវាងរដ្ឋាភិបាល និងធុរកិច្ច និងកិច្ចប្រជុំផ្តោតលើឧស្សាហកម្ម ស្តីពីប្រធានបទសំខាន់ៗរួមមាន៖ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការថាមពល នៅក្នុងកិច្ចប្រជុំកំពូលនេះ។

អ្នកឧកញ៉ា គិត ម៉េង បានជំរុញឱ្យមេដឹកនាំអាស៊ានផ្តល់អាទិភាពដល់បណ្តាញថាមពលអាស៊ាន ដោយពណ៌នាថា «បណ្តាញថាមពលអាស៊ានផ្តល់ឱកាសពិសេស និងមានសារៈសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងការប្រើប្រាស់អគ្គិសនីឆ្លងដែន ដែលជំរុញ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ម»។

អ្នកឧកញ៉ា ក៏បានលើកឡើងពីតម្រូវការដ៏ចាំបាច់សម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ឌីជីថល និងការអភិវឌ្ឍកម្លាំងពលកម្ម នៅក្នុងតំបន់ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស រួមទាំងបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

ដោយដាក់ប្រទេសកម្ពុជាជាកត្តាជំរុញដ៏សំខាន់នៃអនាគតសេដ្ឋកិច្ចរបស់អាស៊ាន អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្តអ្នកវិនិយោគឱ្យស្វែងរកឱកាសក្នុងវិស័យដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងវិស័យផលិតកម្ម ទេសចរណ៍ កសិកម្ម និងបច្ចេកវិទ្យា។

អ្នកឧកញ៉ា គិត ម៉េង បានកត់សម្គាល់ថា៖ «ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំជាមធ្យម ៧% មុនពេលជំងឺរាតត្បាតកូវីដ-១៩ និងការព្យាករណ៍កំណើន ៦,៣% សម្រាប់ឆ្នាំ ២០២៥ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតនៅក្នុងតំបន់»។ អ្នកឧកញ៉ា ប្រធាន បានធានាដល់វិនិយោគិនថា កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយដែលងាយស្រួលសម្រាប់អាជីវកម្ម តម្លាភាព និងអភិបាលកិច្ចល្អ។

កិច្ចប្រជុំកំពូលដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ាន បានបង្កើតប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានក្នុងឆ្នាំ ២០០២ ២០១២ និង ២០២២ ប្រកបដោយភាពជោគជ័យ។

ជាមួយភាពជោគជ័យនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការដឹងគុណចំពោះការកសាងគ្រឹះដ៏រឹងមាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយសម្ដេច បានបំពេញតួនាទីជាប្រធានអាស៊ានចំនួនបី (៣) អាណត្តិ ដែលនាំប្រទេសកម្ពុជាចាកចេញពីប្រទេសក្រីក្រ ទៅជាប្រទេសកំពុងអភិវឌ្ឍន៍គួរឲ្យគោរព និងជាតួអង្គសំខាន់ក្នុងអាស៊ាននាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ អ្នកឧកញ៉ាប្រធាន ក៏បានបង្ហាញមោទនភាពចំពោះអ្នកដឹកនាំបន្តវេន ដែលសម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងនៅលើគ្រឹះនេះ ដោយបន្តកេរ្តិ៍ដំណែល និងការប្តេជ្ញាចិត្តរបស់យើង ក្នុងនាមជាជើងឯកសម្រាប់អាស៊ាន តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៤។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញសហគមន៍សេដ្ឋកិច្ចអាស៊ានដែលមានភាពធន់ និរន្តរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ឌីជីថល និងការសម្របសម្រួលពាណិជ្ជកម្ម ដែលជាកត្តាដ៏សំខាន់ជំរុញការធ្វើសមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។

សម្តេចបវរធិបតី បានលើកឡើងថា តំបន់អាស៊ានបានវិវត្តខ្លួនក្លាយជានិមិត្តរូបនៃស្ថេរភាព និងវិបុលភាពដែលមានសក្តានុពលដ៏សម្បើម ដែលអាចឆ្លុះបញ្ចាំងតាមរយៈឋានៈជាសេដ្ឋកិច្ចធំលំដាប់ទី ៥របស់ពិភពលោក តំបន់អាស៊ាន មានបរិយាកាសវិនិយោគគួរឲ្យទាក់ទាញ និងមានសេដ្ឋកិច្ចរឹងមាំ រួមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា៖ «បរិយាកាសអំណោយផលដល់ការវិនិយោគរបស់អាស៊ាន បានធ្វើឲ្យតំបន់នេះ ក្លាយជាជម្ឈមណ្ឌលជាយុទ្ធសាស្ត្រសម្រាប់លំហូរមូលធន់ពិភពលោក។ សមិទ្ធផលទាំងនេះ បានប្រែក្លាយជាកាលានុវត្តភាពជាក់ស្តែងសម្រាប់វិនិយោគិនដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជារដ្ឋ សមាជិកអាស៊ានតាំងពីឆ្នាំ ១៩៩៩មក កម្ពុជា គឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ ៧% ក្នុងរយៈពេលមធ្យម។

សម្តេចបវរធិបតី បានបន្ថែមថា៖ «វិនិយោគិន ទាំងបរទេស និងក្នុងស្រុក បាន និងកំពុងទទួលបានផលប្រយោជន៍ពីបរិយាកាសអំណោយផលដល់ប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព ដែលការណ៍នេះជួយកាត់បន្ថយហានិភ័យ បានជាអតិបរមា និងធានាបាននូវនិរន្តភាពនៃធុរកិច្ច»។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥ មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុចស្នូល និងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ ការកសាងអនាគតអាស៊ាន៖ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តំបន់, ការជំរុញវិបុលភាពតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ និងមូលធនមនុស្ស៖ គន្លឹះឆ្ពោះទៅកាន់ការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕

អត្ថបទ៖ សៀម ប៊ុនធី និងចេង ឆហួត រូបភាព៖ អេង សុគុណ, លឹម មុនី និងអ៊ុន ផាន់ណាត់