រុស្ស៊ីបើកការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសផ្ដាច់ជំនួយយោធា
អ៊ុយក្រែន៖ បើតាមការបញ្ជាក់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងកាលពីថ្ងៃសុក្រថា យោធារុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាសលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែន ជាមួយនឹងគ្រាប់មីស៊ីលប៉ាលីស្ទិកជាច្រើនគ្រាប់អស់រយៈពេលពេញមួយយប់ បន្ទាប់ពីអាម៉េរិកទើបបានប្រកាសផ្អាកជំនួយយោធាមកឱ្យអ៊ុយក្រែន ដើម្បីជំរុញឱ្យលោកព្រមចូលតុចរចាជាមួយរុស្ស៊ី។
តាមរយៈសារនៅលើបណ្តាញសង្គម X លោក Zelensky បានបន្តបញ្ជាក់ថា រុស្ស៊ីបានប្រើប្រាស់គ្រាប់មីស៊ីលសរុបជិត ៧០គ្រាប់ រួមនិងដ្រូនប្រមាណជិត ២០០គ្រឿង ដើម្បីវាយប្រហារលើទីតាំងជាច្រើនកន្លែងនៅទូទាំងប្រទេសអ៊ុយក្រែន និងបានផ្តោតគោលដៅលើស្ថានីយថាមពលរបស់អ៊ុយក្រែន បង្កជាផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់ជនស៊ីវិល។
ក្រោយបានរៀបរាប់ពីការវាយប្រហាររបស់រុស្ស៊ី លោក Zelensky បានបន្ថែមសង្កត់ធ្ងន់ឡើងវិញ អំពីបំណងប្រាថ្នារបស់លោក ក្នុងការចរចាបង្កើតបទឈប់បាញ់នៅតាមតំបន់សមរភូមិមួយចំនួនជាមួយរុស្ស៊ី ស្របទៅតាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីក្រុមមេដឹកនាំអឺរ៉ុបបានយកគំនិតមួយនេះមកជជែកគ្នាក្នុងកិច្ចប្រជុំនៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជាការត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលនៅថ្ងៃអាទិត្យខាងមុខ ដែលនឹងផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ និងការធានាសន្តិភាពសម្រាប់អ៊ុយក្រែន។
ពាក់ព័ន្ធនឹងផែនការបទឈប់បាញ់នេះ លោក Zelensky បានលើកឡើងដោយបង្ហាញក្តីបារម្ភថា នឹងអាចជួយបញ្ឈប់ការវាយប្រហារតាមផ្លូវវអាកាស ផ្លូវគោក និងផ្លូវសមុទ្ររបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋអ៊ុយក្រែនអាចស្គាល់ភាពស្ងប់សុខ និងការធានាសុវត្ថិភាពជាធម្មតាឡើងវិញ ។
ហើយនៅក្រោយមកក្នុងថ្ងៃដដែល លោក Zelensky បានបញ្ជាក់ឱ្យដឹងទៀតថា មន្រ្តីរបស់លោកកំពុងខិតខំធើ្វការយ៉ាងសកម្មជាមួយក្រុមបេសកជនរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំក្នុងទឹកដីប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅសប្តាហ៍ ដែលគ្រោងនឹងមានវត្តមានទល់មុខគ្នារវាងលោក Zelensky និងលោកដូណាល់ត្រាំ ដើម្បីពិភាក្សារកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែន៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ BBC News