ព័ត៌មានអន្តរជាតិ

ការបោះឆ្នោតនៅតំបន់ Greenland ផ្តោតសំខាន់លើបញ្ហាឯករាជ្យ ស្របពេលលោកត្រាំនៅតែមានមហិច្ឆតាចង់យកដែនដីនេះមកគ្រប់គ្រង

image


ហ្រ្គីនឡែន៖ នៅថ្ងៃអង្គារខាងមុខនេះ ពលរដ្ឋនៅតំបន់ Greenland នឹងនាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីបានបញ្ចប់រដូវកាលឃោសនារយៈពេលជាច្រើនថ្ងៃ ដែលបានផ្តោតសំខាន់លើបញ្ហាឯករាជ្យភាពរបស់កោះ Greenland ចេញពីប្រទេសដាណឺម៉ាក ដើម្បីកុំឱ្យប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំអាចមានលេសប្រើប្រាស់អំណាចទឹកប្រាក់ ដើម្បីចរចាទិញយកតំបន់ស្វយ័តមួយនេះ ពីរដ្ឋាភិបាលដាណឺម៉ាក។

គួរជម្រាបថា សារនយោបាយដដែលៗរបស់លោកដូណាល់ត្រាំ ដែលបង្ហាញពីបំណងចង់គ្រប់គ្រងតំបន់ Greenland ឱ្យខានតែបាន បើទោះបីជាត្រូវប្រើប្រាស់មធ្យោបាយយោធាក៏ដោយនោះ បានជំរុញឱ្យចលនាប្រកាសឯករាជ្យរបស់កោះ Greenland កាន់តែមានសន្ទុះខ្លាំងមិនធ្លាប់មាន ខណៈគិតជាសរុបគឺមានពលរដ្ឋ Greenland ប្រមាណជិត ៦ម៉ឺននាក់ បានទទូចចង់រក្សាអត្តសញ្ញាណដើមរបស់ខ្លួន ដោយមិនចង់ក្លាយជាពលរដ្ឋរបស់សហរដ្ឋងាម៉េរិក ឫក៏ជាពលរដ្ឋរបស់ប្រទេសដាណឺម៉ាកនោះឡើយ។

ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមួយរូបរបស់សាកលវិទ្យាល័យ Greenland អ្នកនាង Maria បានប្រាប់សារព័ត៌មាន AFP ថា៖ “នយោបាយចង់ដណ្តើមគ្រប់គ្រងតំបន់ Greenland របស់លោកដូណាល់ត្រាំ បានដុតបញ្ឆេះឱ្យមានចលនាឯករាជ្យឡើងវិញនៅក្នុងស្មារតីរបស់ពលរដ្ឋ Greenland ”។

អ្នកជំនាញរូបនេះបានបន្តថា ការចង់បានឯករាជ្យភាពនេះគឺមិនមែនរឿងថ្មីថ្មោងសម្រាប់ពលរដ្ឋ Greenland ព្រោះកាលពីឆ្នាំ ២០០៨កន្លងទៅ មានពលរដ្ឋ Greenland សរុបជាង ៧៥% ធ្លាប់បានបោះឆ្នោតប្រជាមតិគាំទ្រប្រព័ន្ធអំណាចរដ្ឋបាលស្វយ័តចេញពីការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក។

ហេតុដូចនេះ ការដែលលោកដូណាល់ត្រាំបន្តបង្ហាញមហិច្ឆតាចង់ធើ្វការគ្រប់គ្រងតំបន់ Greenland នេះ បានធើ្វឱ្យក្រុមអ្នកនយោបាយនៅតំបន់ Greenland កាន់តែមានឱកាសខ្លាំងក្នុងការសម្រេចគោលដៅឯករាជ្យភាពរបស់ខ្លួន ចេញពីប្រទេសដាណឺម៉ាក ស្របពេលក្រុមតំណាងរាស្រ្តស្ទើតែទាំងអស់នៅក្នុងសភារបស់ Greenland សុទ្ធតែបានបង្ហាញការគាំទ្រចំពោះគំនិតឯករាជ្យភាពរបស់ Greenland ដើម្បីឈានទៅបង្កើតរដ្ឋអធិបតេយ្យភាពថ្មីមួយ ដែលមានទំហំធំជាងប្រទេសដាណឺម៉ាករហូតដល់ ៥០ដង ប៉ុន្តែមានចំនួនពលរដ្ឋរស់នៅតិចជាងរហូតដល់ជិត ១០០ដង៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect