ព័ត៌មានជាតិ

ចិនចាប់ផ្តើមដាក់បញ្ចូលមុខវិជ្ជា អេអាយ (AI) សម្រាប់កំរិតបឋមសិក្សានិងអនុវិទ្យាល័យ ខណៈក្តីកង្វល់ជុំវិញបច្ចេកវិទ្យាមួយនេះ ក៏រះឡើងដែរ

image


សិង្ហបុរី៖ ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសិង្ហបុរី និងប្រទេសចិនបានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា សាលារៀនបឋមសិក្សា និងអនុវិទ្យាល័យទាំងអស់នៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិនចាប់ផ្តើមដាក់មុខវិជ្ជាបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា អេអាយ(AI) រួមទំាងការដាក់ចេញនូវសៀវភៅឧបទេសបង្រៀនសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងគោលដៅដើម្បីធ្វើឱ្យសុំាដល់សិស្សានុសិស្សជុំវិញការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា ជាពិសេសបំពាក់នូវការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះឯង។


តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលមានការចែកចាយតៗគ្នានៅលើវិបសាយផ្លូវការ ពីសំណាក់ក្រុមអាជ្ញាធរលើវិស័យអប់រំចិន បាននិយាយថា សាលារៀនទាំងអស់ ត្រូវតែដាក់បញ្ចូលកម្មវិធីអេអាយ ទំាងក្លឹបសិក្សា និងការិយាល័យស្រាវជ្រាវតាមសាលារៀនត្រូវតែអនុវត្តន៍នៅគ្រប់កំរិតភូមិសិក្សាទំាងអស់។


នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ បានបង្ហើបបន្តទៀតថា សាលារៀនទាំងអស់ត្រូវតែបង្រៀនយ៉ាងហោចណាស់ក៏មាន៨ម៉ោងដែរ លើការអប់រំស្តីពីបញ្ញាសិប្បនិម្មិត នៅក្នុងមួយឆ្នំា មិនតែប៉ុណ្ណោះ ក៏ត្រូវរៀបចំដាក់បញ្ចូលមុខវិជ្ជាតម្រង់ទិសជាលក្ខណៈឯករាជ្យដូចជាការសិក្សានូវមុខវិជ្ជាបច្ចេកវិទ្យា និងវិទ្យាសាស្រ្តនោះដែរ។
ការរះឡើងនូវ អេប អេអាយ(AI apps) និងក្រុមហ៊ុននានានៅក្នុងប្រទេសចិនដ៏ឆាប់រហ័សនេះ ជាសញ្ញាបង្ហាញឱ្យឃើញថា ប្រទេសចិនមានមហិច្ឆតាខ្ពស់លើបច្ចេកវិទ្យាអេអាយ គាប់ជួនពេលគ្នានៃសង្គ្រាមបច្ចេកវិទ្យារះឡើងជាលក្ខណៈសកលដែរ។


កាលពីពេលថ្មីៗកន្លងទៅ នៅក្នុងកិច្ចប្រជុំសភាប្រជាជនចិនប្រចំាឆ្នំា ឬហៅកាត់ថា(NPC)នោះ រដ្ឋាភិបាលចិនបានសន្យាថា ខ្លួននឹងចាប់ផ្តើមលើកកម្ពស់គំាទ្រនូវកម្មវិធីបច្ចេកវិទ្យាអេអាយ និងវិនិយោគទុន ក្នុងវត្ថុបំណងដើម្បីលើកស្ទួយ រួមទំាងការពង្រីកនូវស្វ័យលំនឹងខ្លួនឯង ជាជាងពឹងផ្អែកលើអ្នកដទៃ។
ស្ថិតនៅក្នុងន័យនេះ មានសកលវិទ្យាល័យច្រើនជាង៥០០ទីតំាងបានដាក់ចេញនូវមុខវិជ្ជាអេអាយរួចទៅហើយចាប់តំាងពីឆ្នំា២០១៨មកម្លេះ មានដូចជាសាកលវិទ្យាល័យល្បីៗ មាន សាកលវិទ្យាល័យប៉េកំាង សាកលវិទ្យាល័យរ៉េនមីន(Renmin) និងសកលវិទ្យាល័យដទៃទៀតក៏តម្រូវឱ្យនិស្សិតត្រូវរៀនដែរ។


ដោយឡែកកំរិតបឋមសិក្សាវិញ មុខវិជ្ជាអេអាយ អាចនឹងផ្តោតទៅលើការសិក្សាជាមូលដ្ឋានដោយជំរុញឱ្យសិស្សតូចៗ ចាប់់ផ្តើមគិតអំពីអ្វីដែលគេហៅថា អេអាយ ? ហើយវាមានមុខងារ និងផលប្រយោជន៍បែបណាខ្លះសម្រាប់សង្គមមនុស្សជាដើម។
រីឯកំរិតអនុវិទ្យាល័យ និងវិទ្យាល័យវិញ គឺតម្រូវឱ្យសិស្សានុសិស្សចេះប្រើប្រាស់អេអាយ និងរបៀបបង្កើតនូវនវានុវត្តន៍ ដោយរាប់បញ្ចូលទាំងការសិក្សាអំពីអភិសមាចារអេអាយ ជាដើម។


ទាក់ទិនទៅនឹងការរីកលូតលាស់លើវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសចិននេះដែរ ក៏មានការលើកឡើងនូវប្រធានបទជជែកវែកញែកជុំវិញ ការប្រើប្រាស់អេអាយពីសំណាក់កុមារតូចៗ ស្របពេលដំណាលគ្នានៃការកើនឡើងនូវការគំរាមកំហែងនិងការក្លែងបន្លំលើបច្ចេកវិទ្យា ជាឧបករណ៍អេអាយ ដែលបង្កឱ្យកុមារតូចៗងាយនឹងទទួលយក ហើយជះឥទ្ធិពលអវិជ្ជមានដល់ការគិតរបស់ពួកគេ ព្រោះថា កុមារទាំងអស់នោះមិនទាន់មានសមត្ថភាពវាយតម្លៃ និងវិភាគសព្វជ្រុងជ្រោយលើព័ត៌មានណាពិត ព័ត៌មានណាមិនពិតឡើយ។


នៅក្នុងកិច្ចប្រជុំសភាប្រជាជនចិនប្រចំាឆ្នំាដដែល លោក ហ្សាង យ៊ី(Zhang Yi) ជាសមាជិកសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិនឬហៅកាត់ថា(CPPCC) បានលើកឡើង ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានស្រង់យកមកចុះផ្សាយបន្តថា បញ្ហាអាចនឹងកើតមានឡើងចៀសមិនផុតនោះឡើយ ចេញពីការរីកលូតលាស់ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាអេអាយ ដែលក្នុងនោះរាប់បញ្ចូល ការរើសអើង ការរំលោភបំពានលើឯកជនភាពបុគ្គល និងធ្វើឱ្យមានភាពកម្សោយផ្នែកការគ្រប់គ្រងទិន្នន័យសន្តិសុខជាដើម។
មន្រ្តីដដែលរូបនេះបានគូសរំលេចបែបភាពច្បាស់លាស់ទៀតថា ភាពមិនប្រាកដប្រជា និងហានិភ័យនៅជុំវិញគ្រឿងឧបទេសអេអាយ និងបច្ចេកវិទ្យានេះ វាអាចនឹងបន្តនូវភាពប្រកួតប្រជែងជាប់មិនដាច់ចំពោះអភិបាលកិច្ចរបស់រដ្ឋ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ CNA/Agencies