សង្គម

ព័ត៌មានលម្អិត​ ករណីចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួករឿងស៊ីដាច់លុយអ្នកវិនិយោគចិន

image

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU)​ បានកសាងសំណុំរឿង លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ​ និងបក្សពួកបញ្ជូនទៅតុលាការ​ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។ ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ​ និងចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ​ បានចោទប្រកាន់ ១.​ លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី ២.​ អ្នករត់ការ ហ៊ាវ ខន (វរៈសេនិយត្រីយោធា) និង៣.​ អ្នកបកប្រែភាសាចិន អ៉ីង សារឿន ពីបទពុករលួយ(រំលោភអំណាច) សំគំនិត និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈ ពិតមែន។

យោងតាមរបាយការណ៍ស៊េីបអង្កេតរបស់ACU បានឱ្យដឹងថា​ ផ្តើមចេញពីការចុះផ្សាយរបស់សារព័ត៌មានយ៉ាងតិចចំនួន​ ៧គេហទំព័រ បានចង្អុលមុខចំៗថា អភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី បានយកប្រាក់ពីអ្នកវិនិយោគជនជាតិចិនចំនួន ៤០ម៉ឺនដុល្លារ លើតម្លៃសរុប ៨០ម៉ឺនដុល្លារ ដែលតម្រូវឲ្យអ្នកវិនិយោគបង់ថ្លៃធ្វើអាជ្ញាបណ្ណ គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ មានអ្នកចូលមើលជិត ១លាននាក់។ គេហទំព័រទាំងនោះបានបង្ហាញច្បាស់ពីតួអង្គ​ ៣រូប អភិបាលរង ទិត វុទ្ធី, វីរសេនីយត្រីយោធា ហ៊ាវ ខន ជាអ្នករត់ការ និងតួអង្គទី៣ ឈ្មោះ អ៉ីង សារឿន (ឈ្មោះភាសាចិន អ៉ីង វិនឆាយ Yin Wemncai) បានរៀបគម្រោងឲ្យអ្នកវិនិយោគចិនម្នាក់ ឈ្មោះ លី មិនឆាង (Li Minchang)​ ដែលចង់វិនិយោគលើរ៉ែស្ពាន់នៅខេត្តបៃលិន។

សារព័ត៌មានបានចុះផ្សាយខ្សែអាត់សម្លេងជាកង់ៗមួយចំនួន ដូចជា​ លិខិតទទួលប្រាក់២លើក ២៣ម៉ឺនដុល្លារ និង ១៦ម៉ឺនដុល្លារ ដែលភាគីជនជាតិចិនបានប្រគល់ឱ្យអ្នកបកប្រែ អ៉ីង សារឿន។ គេហទំព័របានចុះផ្សាយនូវ អាត់សំឡេង ដែល អ៉ីង សារឿន (អ្នកបកប្រែ) បានទទួល ៤០ម៉ឺនដុល្លារ ពិតប្រាកដ តែដោយភាគីចិន លី មិនឆាង (Li Minchang) (ACU ហៅថា ចិនទី១) មិនព្រមបង់​ ៤០ម៉ឺនដុល្លារទៀត បង្រ្គប់ ៨០ម៉ឺនដុល្លារ ទើបក្រសួងបញ្ឈប់មិនឲ្យអាជ្ញាបណ្ណ (អ្នកបកប្រែ អ៉ីង សារឿន មួលបង្កាច់ថាក្រសួងជាអ្នកនិយាយដូច្នោះ)។ រីឯអាត់សម្លេងដែលគេហទំព័រ បានបង្ហាញទៀតគឺ អ្នករត់ការ ហ៊ាវ ខន ថាខ្លួនមិនបានទទួលយក ៤០ម៉ឺនដុល្លារ​ ដូចអ្នកបកប្រែ អ៉ីង សារឿន និយាយនោះទេ ខ្លួន (ហ៊ាវ ខន) ទទួលបាន១០ម៉ឺនប៉ុណ្ណោះ (ACU ស្រាវជ្រាវឃើញថា​ ក្នុងករណីចិនទី១នេះ ហ៊ាវ ខន ទទួលបានតើ ៤ម៉ឺនដុល្លារទេ មិនមែន១០ម៉ឺនឡើយ)។ គេហទំព័រទាំង៧នោះ នៅបានចុះផ្សាយភស្តុតាង២ទៀតយ៉ាងសំខាន់ គឺ​ ទី១.​ ផែនទីទីតាំងជម្រករ៉ែ លោហៈទំហំ ១០៣,៨១គីឡូម៉ែត្រការ៉េ​ នៅខេត្តប៉ៃលិន ដែលត្រូវរត់ការឲ្យចិនទី១ និងទី២.​ ភស្តុតាងដែលក្រុមទាំង៣នាក់ (អភិបាលរងខេត្ត ទិត វុទ្ធី, អ្នករត់ការ ហ៊ាវ ខន និង អ្នកបកប្រែ អ៉ីង សារឿន) ឯកភាពឲ្យអ្នកបកប្រែ អ៉ីង សារឿន ប្រាប់ទៅចិនទី១ និងចិនទី២ នៅតម្លៃដែលរដ្ឋ (ក្រសួងរ៉ែ​ និងថាមពល) កំណត់យកថ្លៃសេវាថ្លៃរត់ការយកអាជ្ញាបណ្ណរ៉ុករករ៉ែ ដែលមានទំហំ៩០គីឡូម៉ែត្រការ៉េ​ គឺ៨០ម៉ឺនដុល្លារ ហើយត្រូវបង់ជាបីដំណាក់កាល​ ដោយ​ ដំណាក់កាលទី១ ពេលចាប់ដាក់ពាក្យ បង់៣០%​ និងដំណាក់កាលទី២ ក្រោយបន្តិចបង់២០%
(៥០%នេះ ត្រូវជា៤០ម៉ឺនដុល្លារ ភាគីចិនទី១គឺ​ លោក លី មិនឆាង បានបង់ប្រាក់អោយរួចារាល់ហើយ)​។ ដំណាក់កាលទី៣ បង់៥០%ទៀត ពេលចូលកាន់កាប់និងធ្វើសកម្មភាពរ៉ុករក។

របាយការណ៍​ បានបន្តទៀតថា​ ទោះបីមានភស្តុតាងប្រហែល១០% នៃសាច់រឿងទាំងមួលដែលសារព័ត៌មានបានផ្សាយជាសាធារណៈក្តី ក្រុម៣នាក់នេះ នៅតែប្រកែកថាមិនបានប្រព្រឹត្តិនោះទេ រហូតមកដល់មុខ ACU ក៏នៅតែប្រកែកថាខ្លួនមិនបានដឹងរឿងទាំងនេះទេ។ អ្នកបកប្រែ អ៉ីង សារឿន បដិសេធន៍ថាន​ បានផ្តិតមេដៃលើលិខិតទាំង២មែន តែប្រាក់ខ្លួននៅមិនបានទទួលនៅឡើយ ពេល ACU ទម្លាក់ភស្តតាងថា​ ពិតជាបានទទួលប្រាក់ ៤០មឺនដុលារមែន អ្នកបកប្រែ អ៉ីង សារឿន បានឆ្លើយថា ប្រាក់នោះបានប្រគល់ឱ្យអ្នករត់កាអស់ហើយ។ ចំណែក​ អភិបាលរងខេត្ត ទិត វុទ្ធី ប្រកែកថាមិនស្គាល់ចិននោះទេ រហូតពេល ACU ទម្លាក់ភស្តតាងម្តងមួយៗ ទើបទទួលថាស្គាល់ហើយបានជួប២ដង ACU បង្ហាញភស្តុតាងទៀត ទើបទទួលស្គាល់ថា​ ជួបច្រើនដង​ និងមានចរចាររត់ការមែន។ នៅដំណាក់កាល ACU អ្នកទាំងបីនៅបន្តភូតកុហកបន្តទៀត រហូតភស្តុតាងទម្លាក់បន្តបន្ទាប់ទើបប្រកែកមិនបាន។ ដើម្បីឲ្យភាគីចិនជឿជាក់ និងព្រមបង់លុយឲ្យខ្លួនក្រុម៣នាក់នះ បានធ្វើសកម្មភាពជាច្រើន​ ដូចជា យកផែនទីតំបន់រ៉ុករករ៉ែ ១០៣,៨១គីឡូមែត្រការ៉េ នៅខេត្តប៉ៃលិន ដែលក្រសួងបានផ្តល់អាជ្ញាបណ្ណឲ្យអ្នកវិនិយោគមួយរួចហើយ មកក្លែងក្លាយ (លុបឈ្មោះម្ចាស់ពិតចេញ) មកប្រគល់ឲ្យ លី មិនឆាង (ចិនទី១) នាំចិនទៅខេត្តប៉ៃលិនដើម្បីបានទៅមើលទីតាំងនោះដែលជាទីតាំងមានម្ចាស់រូចទៅហើយ។ ពេលទៅមិនបានសម្រេច អភិបាលរង ទិត វុទ្ធី យកតូនាទីខ្លួនទាក់ទងខេត្តប៉ៃលិនឱ្យជួយទទូលក្រុមខ្លួននិងអ្នកវិនិយោគចិន និងជូនចិនផ្ទាល់ទៅខេត្តប៉ៃលិន ធ្វើឲ្យចិនមានការទុកចិត្តគឺ​ នាំចិនដើម្បីទៅខួងយកសំណៅសម្រាប់វិភាគអំពីរ៉ែស្ពាន់ ជាដេីម ទើបភាគីចិនសុខចិត្តប្រគល់លុយ២លើកចំនួន៥០%ត្រូវជា៤០ម៉ឺនដុល្លារ។

ក្រោយសកម្មភាពបានមួយរយៈក៏សម្រុកទារ​ ៤០ម៉ឺនដុល្លារទៀតដើម្បីបញ្ចប់។ ភាគីចិន(ចិនទី១) ចាប់ផ្តើមសង្ស័យថា គាត់មិនទាន់បានចូលកាន់កាប់ ទី២គាត់មិនទាន់បានឃើញអាជ្ញាបណ្ណ។ ក្រុម៣នាក់នេះរួមគ្នាក្លែងអាជ្ញាបណ្ណរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ​ លិខិតអនុញ្ញាតយល់ព្រមឲ្យរុករករបស់រដ្ឋមន្រ្តីបរិស្ថាន លោក អ៊ាង សុផល្លែត ផ្ញើទៅភាគីចិនទី១នេះ ភាគីចិនមិនមានការសង្ស័យលើលិខិតក្លែងទាំង២នេះទេ ប៉ុន្តែនៅតែមិនកក់ក្តៅ ដើម្បីប្រគល់លុយ៤០ម៉ឺនដុល្លារបង្រ្គប់៨០ម៉ឺនដុល្លារដែរ។

ក្រុមទាំង៣នាក់ប្រាប់ទៅភាគីចិនទី១ថា ទុកពេលឲ្យ២ខែ បើមិនបង់ប្រាក់៤០ម៉ឺនទៀតអាជ្ញាបណ្ណដែលទទួលបាន​ និងត្រូវលុប។ អ្នកបកប្រែ អ៉ីង សារឿន បាននិយាយតាម WeChat ទៅភាគីចិនថា ក្រសួងគិតថាបើអ្នកមិនបង់លុយ​ ៤០ម៉ឺនដុល្លារទៀត អ្នកជាអ្នកវិនិយោគគ្មានលុយ ចិនជជុះ មានលុយតិចតួច រត់ការដើម្បីទៅលក់បន្ត។ ដើម្បីបង្កើតលេសថាក្រសួងជាអ្នកដកអាជ្ញាបណ្ណពីភាគីចិននះពិតប្រាកដមែន ក្រុមទាំង៣នាក់នេះ បានក្លែងលិខិតរបស់ចិនលី មិនឆាយ សុំទៅ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល សុំអាជ្ញាបណ្ណសិក្សារុករករ៉ែលើផ្ទៃដី ១០៣,៨១គីឡូ ម៉ែត្រការ៉េ​ ទីតាំងដែលក្រសួងបានឲ្យអាជ្ញាបណ្ណនេះទៅអ្នកផ្សេងរួចហើយ។ ក្រុមទាំង៣នាក់បានជួលគេឲ្យគេសរសេរគម្រោងផែនការអស់​ ៥ពាន់ដុល្លារ នឹងជួលអ្នកជំនាញមកធ្វើបទបង្ហាញជូនក្រសួងរ៉ែ​ និងថាមពលអស់២០០ដុល្លារ ។

ជាលទ្ធផលរដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល ធ្វើលិខិតឆ្លើយតបជាផ្លូវការថា​ ក្រសួងមិនពិនិត្យលើករណីនេះទេ ព្រោះទីតាំងដែលក្រុមហ៊ុនលោកស្នើជាទីតាំងដែលបានអនុញាតឲ្យអ្នកដទៃរួចហើយ។ ក្រុមអ្នកទាំង៣ យកចម្លើយនេះរបស់ក្រសួងថា ក្រសួងមិនបន្តអាជ្ញាបណ្ណឲ្យទេព្រោះក្រុមហ៊ុនមិនមានបញ្ជូនមនុស្សមកការពារគម្រោង ហើយបកស្រាយផ្ទាល់មាត់ទៀតថា អ្នកឯងមិនព្រមបង់៤០ម៉ឺនដុល្លារទៀត ទើបក្រសួងលុបអាជ្ញាបណ្ណ។

យោងតាមអង្គហេតុនេះ ACU ដាក់ឈ្មោះថា​ ជាអង្គហេតុទី១ ឫអង្គហេតុប៉ៃលិនទី១ ព្រោះរឿងដដែលនេះក្រុមទាំង៣នាក់ បានយកឯកសារប៉ៃលិនដ​ ដែលសកម្មភាពដដែល យកតួនាទីជាអភិបាលរងខេត្តដើម្បីឲ្យអភិបាលខេត្តនានា ដូចជាស្ទឹងត្រែង ព្រះវិហារ ប៉ៃលិន ជួយសម្របសម្រួលការងារទាំងខ្លួនមិនមានសិទ្ធិ ភារកិច្ច ហើយបានទឹកប្រាក់ពីចិនទី២ម្នាក់ទៀតលើផែនទីក្លែងក្លាយដដែល រហូតមកដល់ចិនទី២នោះបានប្រគល់លុយ ៨០ម៉ឺនដុល្លារគ្រប់ចំនួនតែម្តង។ ACU សូមដាក់ឈ្មោះអង្គហេតុនេះជាអង្គហេតុប៉ៃលិនទី២ ហើយយកលុយបានសម្រេចចំនួន ៨០ម៉ឺនដុល្លារពីចិនទី២ មានឈ្មោះ ផាន់ អ៉ីជុន Pan Yijun។ ចិនទី២នេះក៏ជាមិត្តភក្តរបស់ចិនទី១ ហើយក៏ជាអ្នកជួយកាន់ផ្ទេរលុយរបស់ចិនទី១ ប្រគល់ឲ្យអ្នកបកប្រែ អ៉ិន សារឿន ចំនួន​ ៤០ម៉ឺនដុល្លារ ក្នុងករណីប៉ៃលិនទី១។

មុនកើតអង្គហេតុប៉ៃលិនទី២ ក្រុម៣នាក់នេះ បានបង្កើតអង្គហេតុកណ្តាល១ គឺអង្គហេតុរ៉ែមាសខេត្តព្រះវិហារ ដែលមានតម្លៃលក់អាជ្ញាបណ្ណ ៥លានដុល្លារ ឲ្យមកចិនឈ្មោះ ផាន់ អ៉ីជុន (ចិនទី២)។ អ្នករត់ការ ហ៊ាវ ខន បានអះអាងថា​ ខ្លួនជាម្ចាស់អាជ្ញាបណ្ណរ៉ែមាស ៣០ហិកតា​ នៅភ្នំអន្លុង ខេត្តព្រះវិហារ ហើយខ្លួនបានពឹងឲ្យក្រុមហ៊ុនចិនមួយឈរឈ្មោះឲ្យខ្លួន។ ក្រុមទាំង៣នាក់ បានពិគ្រោះគ្នាត្រូវលក់អាជ្ញាបណ្ណនេះ​ ៣លានដុល្លារ តែដោយការលោភលន់ចង់ទារលុយឲ្យច្រើនទៀត សម្រេចលក់ឲ្យបាន​ ៥លានដុល្លារ ហើយបានស្រុះស្រួលគ្នាឲ្យអ្នកបកប្រែ អ៉ិន សារឿន ប្រាប់ទៅភាគីចិនទី២ថា តម្លៃលក់គឺ ៥,៥លានដុល្លារ ដើម្បីទុកឲ្យភាគីចិនតថ្លៃឲ្យនៅត្រឹម៥លានដុល្លារ។

ភាគីចិនព្រមទិញក្នុងតម្លៃ៥លានដូចក្រុមទាំង៣នាក់គ្រោងទុកមែន។ ពេលណាត់គ្នាទៅខេត្តព្រះវិហារ ដើម្បីពិនិត្យទីតាំងជាក់ស្តែង ភាគីចិនទី២ បាននាំវិស្វករចិនទៅជាមួយ។ ពេលទៅដល់ភ្នំអន្លុង ភាគីចិន វិស្វករចិន បានចូលទៅមើលរូងភ្នំជារណ្តៅ រើសយកថ្មជាច្រើនដុំយកទៅវិភាគនៅប្រទេសចិនវិញ ហើយមានលទ្ធផលថាអត្រាមាសនៅក្នុងភ្នំថ្មនោះ មានកម្រិត ២,៦៤ក្រាម​ ក្នុង ១តោនថ្ម ដែលចំនួននេះមិនអាចមានចំណេញទេក្នុងការធ្វើរ៉ែមាស ប៉ុន្តែក្រុមអ្នកទាំង៣ និងភាគីចិននៅគិតថា​ អត្រាមាសនៅជ្រៅជាងនេះអាចមានខ្ពស់ជាងនេះ។

វិស្វករសុំខួង៣រណ្តៅដើម្បីមើលថាខ្សែមាសរត់ដូចម្តេច។ ចិនទី២ (ផាន់ អ៉ីជុន Pan Yijun) បានយល់ព្រមតម្លៃខួងក្នុងមួយរណ្តៅចំណាយ​ ១០ម៉ឺនដុល្លារ ខួង៣រណ្តៅ​ ៣០ម៉ឺនដុល្លារ ហើយហ៊ានកក់ ១,៥លានដុល្លារមុន នៅពេលបានខួង។ ដោយទីតាំងនោះមានម្ចាស់អាជ្ញាបណ្ណហើយ ក្រុមទាំង៣នាក់នេះគ្មានពេលណាដែលអាចបោកប្រាស់ថាពេលណានឹងអាចចូលទៅខួងបានទេ ហើយយកលេសថា ទីនោះជាទីតាំងយោធា ចាំយោធារើកន្លែងសិនទើបអាចចូលខួងបាន។

ក្រុមទាំង៣នាក់ បានបន្តថា​ ទីតាំង ១០៣,៨១គីឡូម៉ែត្រការ៉េ របស់ចិនទី១ (លី មិនឆាយ) ដែលជាមិត្តភក្តចិនទី២ដែរ ដែលសុំអាជីវកម្មរុករកស្ពាន់មុននេះ ហើយត្រូវក្រសួងផ្អាកបញ្ឈប់ដោយគ្មានលុយបង់បន្ត ក៏មានរ៉ែមាសដែរ។ ក្រុមទាំង៣នាក់ តាមរយៈអ្នកបកប្រែបានបន្តប្រាប់ចិនទី២ជាទីតាំងរ៉ែស្ពាន់នោះក៏មានមាសដែរត្រូវបង់តម្លៃដូចគ្នាគឺ​ ៨០ម៉ឺនដុលារ។ ក្រោយពីមកពីខេត្តព្រះវិហារ ស្នាក់នៅភ្នំពេញបាន១សប្តាហ៍ ចិនទី២ និងវិស្វករឯកភាពទៅប៉ៃលិន មើលទីតាំងដែលចិនទី១ ដែលរត់ការមិនបានជោគជ័យ។ ពេលទៅពីរបីលើកដំបូងដែលមានអ្នកបកប្រែចិនអ្នករត់ការ ហ៊ាវ ខន ជួបឧបសគ្គច្រើនរដ្ឋអំណាចមិនស្វាគមន៍​ អភិបាលរង ទិត វុទ្ធី បានប្រើតួនាទីតាមរយៈអភិបាលរងខេត្តប៉ៃលិនមួយរូប ដើម្បីឲ្យអភិបាលខេត្តបានទទួលខ្លួន។

អភិបាលរង ទិត វុទ្ធី បាននាំក្រុមទៅខេត្តប៉ៃលិនដោយផ្ទាល់៤លើក ទើបបានជោគជ័យដោយលោកជំទាវអភិបាលខេត្តប៉ៃលិនទទួលជួប ហើយមានអ្នកសារព័ត៌មាន ទូរទស្សន៍ថតផ្សាយថែមទៀតផង។ ទូរទ្សន៍បាយ័ន្ត FreshNews និងសារព័ត៌មាន គេហទំព័រផ្សេងៗ បានផ្សាយរូបថតរូបវីដេអូជំនួប អភិបាលរង ទិត វុទ្ធី អ្នកបកប្រែ ភាគីចិនទី២ ក្នុងឱកាសជំនួបនោះ ធ្វើឲ្យភាគីចិនទុកចិត្តយ៉ាងខ្លាំង ព្រោះចិនយល់ថាសារព័ត៌មានទាំងនោះសុទ្ធតែជាសាលព័ត៌មានមានឥទ្ធិពលខ្លាំង។

ACU ស្រាវជ្រាវឃើញថា ការផ្សាយទាំងនោះមានរូបភាពចិនទី២ពិតប្រាកដ ឈ្មោះចិនទី២នោះ និងឈ្មោះក្រុមហ៊ុនរបស់គាត់ ជាឈ្មោះចិនផ្សេង ដែលជាប្រធានក្រុមហ៊ុនសំណង់យូណាន ឈ្មោះ លីយូ ស៊ីអាន LiU XIAO ដែលភាគីចិនទី២នេះ ស្មានថាសារព័ត៌មានទាំងនោះនិយាយពីខ្លួនព្រោះអ្វីសុទ្ធតែរូបរបស់ខ្លួន។ ចិនទី២នេះខំរក្សាទុកព័ត៌មានទាំងនោះក្នុងទូរស័ព្ទខ្លួន ទុកប្រាប់ភាគីចិនភាគហ៊ុនទៀតផង។ ភាគីចិនទី២នេះបានប្រគល់លុយ​ ៨០ម៉ឺនដុល្លារ​ ពេញមិនចាំបាច់បង់៥០%មុនដូចភាគីចិនទី១ដែលជាមិត្តភ័ក្តគាត់ទេ។

មានមធ្យោបាយជាច្រើនផ្សេងទៀត ដែលក្រុមទាំង៣នាក់បានធ្វើដើម្បីទទួលបានលុយខុសច្បាប់ពីចិនដល់ទៅ ២លើកលើទីតាំងតំបន់រ៉ែបោកប្រាស់តែ១រហូតបានប្រាក់ ១,២លានដុល្លារនេះ។ ACU បញ្ជាក់ជាសាធារណៈថា​ លុយ ៥លានដុល្លារ នៃអង្គហេតុទី២ រ៉ែមាសខេត្តព្រះវិហារ ក្រុមទាំង៣នាក់នេះ មិនទាន់ទទួលបានមួយរៀលណាឡើយ។ សារព័ត៌មានគេហទំព័របានផ្សាយតែ ១០% ប៉ុណ្ណោះនៃអង្គហេតុទី១ ក៏ជាពន្លឺឲ្យ ACU ស៊ើបបានពេញលេញ ហើយរកឃើញនៅអង្គហេតុទី២ (រ៉ែមាសខេត្តព្រះវិហារ) និងអង្គហេតុទី៣ គឺប៉ៃលិនទី២ទៀត។

អង្គហេតុទី១ ជាអង្គហេតុប៉ៃលិនទី១ ក្រុមទាំង៣នាក់នេះបានទទួល​ ៤០ម៉ឺនដុល្លារ​ ពីចិនទី១ (លី មិនឆាង Li Minchang) ក្នុងនោះអ្នករត់ការ ហ៊ាវ ខន បានទទួល​ ៤ម៉ឺនដុល្លារ (មិនមែន១០ម៉ឺនដុល្លារ ដូចគាត់និយាយក្នុងខ្សែអាត់ទេ)​។

អង្គហេតុទី២ (រ៉ែមាសខេត្តព្រះវិហារ) ភាគីចិនទី២ (ផាន់ អ៉ីជុន Pan Yijun) បានសម្រេចទិញអាជ្ញាបណ្ណពីក្រុម ទាំង៣នាក់ ក្នុងតម្លៃ៥លានដុល្លារ បានសម្រេចចាយលុយ​ ៣០ម៉ឺនដុល្លារ​ សម្រាប់ខួង៣រណ្តៅ និងហ៊ានកក់ប្រាក់​ ១,៥លានដុល្លារទៀត នៅពេលបានខួង។ ករណីនេះក្រុមទាំ​ង​ ៣នាក់ក៏មិនទាន់ទទួលបានមួយរៀលនៅឡើយនៃចំនួនប្រាក់ ៥លានដុល្លារ និងនៃទឹកប្រាក់៣០ម៉ឺនដុល្លារថ្លៃខួងនៅឡើយដែរ។

អង្គហេតុទី៣ (ប៉ៃលិនទី២) ក្រុមទាំង៣នាក់ យកប្លង់ទីតាំងរត់ការឲ្យចិនទី១ មករត់ការឲ្យចិនទី២ ដោយបានប្រាក់សម្រេច៨០ម៉ឺនដុល្លារ ក្នុងនោះអ្នករត់ការ ហ៊ាវ ខន បាន១០ម៉ឺនដុល្លារ (សរុបទាំងប៉ៃលិនទី១ ទាំងប៉ៃលិនទី២ អ្នករត់ការ ហ៊ាវ ខន បានទទួល​ ១៤ម៉ឺនដុល្លារ)៕