ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងមិនកំណត់ពន្ធសងសឹកលើសហរដ្ឋអាម៉េរិកវិញឡើយ ព្រោះវានាំឱ្យតែប៉ះពាល់ពលរដ្ឋខ្លួនឯងប៉ុណ្ណោះ

image


អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី (Anthony Albanese) បានរិះគន់ចំពោះការសម្រេចចិត្តរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការដាក់ពន្ធលើការនាំចូលផលិតផលដែកថែប និងអាលុយមីញ៉ូមពីគ្រប់ប្រទេស រួមទាំងប្រទេសអូស្ត្រាលីផងដែរ។ មេដឹកនាំអូស្ត្រាលីរូបនេះ បានពណ៌នាថា ចំណាត់ការនេះ មិនសមហេតុផលនោះទេ ដោយក្លាយជាការប្រឆាំងនឹងស្មារតីនៃទំនាក់ទំនងមិត្តភាព និងភាពជាដៃគូសេដ្ឋកិច្ចដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ ក្នុងរយៈពេលជាង ៧០ឆ្នាំមកនេះ ។

លោកអាល់បានី (Albanese) បានចង្អុលបង្ហាញថា ការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់អូស្ត្រាលី ទៅកាន់សហរដ្ឋអាម៉េរិក មានចំនួនតិចជាង ០.២% នៃការនាំចេញសរុបរបស់ប្រទេសអូស្ត្រាលី ហើយមិនស្ថិតនៅក្នុងចំណោមផលិតផលលំដាប់ទាំង ១០ ដែលអូស្ត្រាលីលក់ចេញទៅឱ្យសហរដ្ឋអាម៉េរិកនោះទេ ។

លោកអាល់បានី (Albanese) ក៏បានអះអាងដែរថា ពន្ធគយ និងកំណើនភាពតានតឹងពាណិជ្ជកម្ម នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដោយធ្វើឱ្យមានកំណើនយឺតយ៉ាវ និងអតិផរណាខ្ពស់។ លោកបានបញ្ជាក់ថា ពលរដ្ឋនឹងទទួលបន្ទុកលើតម្លៃពន្ធទាំងអស់នោះ នេះហើយជាមូលហេតុដែលអូស្ត្រាលី ជ្រើសរើសមិនកំណត់ពន្ធសងសឹងលើសហរដ្ឋអាម៉េរិក ព្រោះប្រសិនបើអូស្ត្រាលីធ្វើបែបនេះ វាមានតែបណ្ដាលឱ្យតម្លៃផលិតផលកើនឡើង និងប៉ះពាល់ដល់ពលរដ្ឋអូស្ត្រាលីខ្លួនឯងតែប៉ុណ្ណោះ ។

ក្រោយកិច្ចសន្ទនាជាមួយលោកអាល់បានី កាលពីដើមខែកុម្ភៈ លោកត្រាំ (Trump) បានប្រកាសថា លោកនឹងពិចារណាលើកលែងពន្ធលើប្រទេសអូស្ត្រាលី ដោយសារតែអតិរេកពាណិជ្ជកម្ម (ពាណិជ្ជកម្មលើសលប់) របស់សហរដ្ឋអាម៉េរិកជាមួយប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ១១ ខែមីនា សេតវិមាន បានបញ្ជាក់ថា ពន្ធ ២៥% ដូចដែលបានគ្រោងទុកកាលពីមុន លើការនាំចូលផលិតផលដែកថែប និងអាលុយមីញ៉ូម នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ។

គួររម្លឹកថា ក្នុងអំឡុងអាណត្តិលើកទីមួយរបស់លោកត្រាំ (Trump) ក្នុងនាមជាប្រធានាធិបតីអាម៉េរិក លោកបានលើកលែងអូស្ត្រាលី ពីការយកពន្ធទាំងនេះ ប៉ុន្តែការសម្រេចចិត្តកំណត់ពន្ធឡើងវិញនាអាណត្តិថ្មី បានបង្កឱ្យមានភាពតានតឹងជាបន្តបន្ទាប់។ ទោះបីជាយ៉ាងនេះក៏ដោយ លោកអាល់បានី បានរម្លឹកឡើងវិញថា ការកំណត់ពន្ធសងសឹក នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកស្រុកអូស្ត្រាលី និងមិនផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីនោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Various Sources