សង្គម

ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជាជម្រាបសម្តេចបវរធិបតីពីការប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើន

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

នៅចំពោះមុខសម្តេចបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូត ហ្វាំងឡង់ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា ៖ការបោសសម្អាតមីន កសិកម្មនិងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។ ជាមួយគ្នានេះលោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ការលើកឡើងនេះក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល៥៥ឆ្នាំមកហើយ។ សម្ដេចបវរធិបតីជឿជាក់ថា តួនាទីរបស់ លោកជំទាវ អគ្គរដ្ឋទូត នឹង ចូលរួម ចំណែក បន្ថែម ទៀត ក្នុង ការ ពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការ រវាង ប្រទេស ទាំងពីរ កាន់រីក ចម្រើន ថែមទៀត។ សម្ដេចបវរធិបតីក៏បានលើកឡើងពីការដាក់ចេញ នូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការអប់រំ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារ ព្រមទាំងការជំរុញការតភ្ជាប់ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។   

សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្កានុពល នៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល, បរិស្ថាន, ពាណិជ្ជកម្ម, វិនិយោគ និងធុរកិច្ច ជាពិសេស លើសារ:សំខាន់នៃនិវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូតបន្តភ្ជាប់ទំនាក់ទំនង និង សហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់៕