សង្គម

ខេត្តកំពត មានគោលដៅចំនួន ៤២កន្លែង សម្រាប់ទទួលភ្ញៀវទេចរជាតិ និងអន្តរជាតិ

image


កំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា ខេត្តកំពត ជាដែនដីសម្បូរបែប (The Land Of Diversity) លើវិស័យទេសចរណ៍ ដែលមានរមណីយដ្ឋាន និងតំបន់គោលដៅទេសចរណ៍ទាក់ទាញ តំបន់កសិ-ទេសចរណ៍ សហគមន៍ទេសចរណ៍ ភ្នំ ជ្រោះ ល្អាង ប្រាង្គប្រាសាទ ឆ្នេរសមុទ្រ សរុបមកដល់បច្ចុប្បន្នមានចំនួន ៤២កន្លែង។ ខណៈដែលសេវាស្នាក់នៅក៏សប្បូរបែប ខេត្តមានសណ្ឋាគារគ្រប់កម្រិត រីសត បឹងហ្គាឡូ ផ្ទះលំហែជាង ៥ ០០០បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរ។

លោក សយ ស៊ីណុល បានបញ្ជាក់ថា ខេត្តកំពតបានក្លាយទៅជាគំរូដំបូងគេ តាមរយៈការបង្កើតសមិទ្ធផលជាច្រើន មានដូចជា ការតុបតែងលម្អសួនច្បារមាត់ព្រែក កែលម្អផ្លូវ ការបំពាក់ភ្លើងពណ៌ក្នុងក្រុង ស្ថាបនាឆ្នេរមាត់ព្រែកជាច្រើនកន្លែង ស្ថាបនារូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការយក្ស សួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងជាដើម។ ដោយសារខេត្តកំពត មានសក្តានុពលទេសចរណ៍ផង និងមានថ្នាក់ដឹកនាំដែលមានគំនិតច្នៃប្រឌិតយ៉ាងប៉ិនប្រសប់ផងនោះ បានធ្វើឱ្យខេត្តមានការអភិវឌ្ឍ និងលេចធ្លោជាងគេលើវិស័យទេសចរណ៍។​

លោកប្រធានមន្ទីរ បានបញ្ជាក់ផងដែរថា ទទ្ទឹមនឹងមានតំបន់រមណីយដ្ឋាន និងតំបន់គោលទៅទេសចរណ៍ទាក់ទាញជាច្រើនកន្លែងហើយ ខេត្តកំពតក៏មានសេវាស្នាក់នៅសម្បូរបែបប្រមាណជាង ៥ ០០០បន្ទប់ផងដែរ ដែលក្នុងនោះខេត្តមានសណ្ឋាគារគ្រប់កម្រិត រីសត បឹងហ្គាឡូ ផ្ទះលំហែ ផ្ទះសំណាក់ស្អាតៗនៅតាមដងព្រែក ដែលអាចឱ្យទេសចរលេងកីឡាលើទឹកកម្សាន្តសប្បាយថែមទៀតផង។

សូមរម្លឹកថា ដើម្បីធានាដល់ការផ្តល់សេវាទេសចរណ៍ឱ្យមានភាពល្អប្រសើរ និងមានតម្លាភាព ពិសេសតម្លៃសេវាកម្ម និងម្ហូបអាហារ លោក ម៉ៅ ធនិន អភិបាលខេត្ត កំពត ក៏បានធ្វើណែនាំដល់មន្ទីរទេសចរណ៍ ត្រូវចុះត្រួតពិនិត្យនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ជាប្រចាំ ព្រមទាំងប្រមូលតម្លៃសេវាកម្មផ្សេងៗនៅទូទាំងខេត្តមករក្សាទុក ក្នុងករណីកន្លែងណាមួយមានការដំឡើងថ្លៃមិនសមរម្យ រដ្ឋបាលខេត្តនឹងមានវិធានការភ្លាមៗចំពោះទីតាំងនោះ។ លោកអភិបាលខេត្តក៏បានស្នើ និងលើកទឹកចិត្តឱ្យអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ក្នុងខេត្ត ប្រើសម្លៀកបំពាក់ប្រពៃណីខ្មែរពេលទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដើម្បីបង្ហាញពីចរិតលក្ខណៈ និងវប្បធម៌ប្រពៃណីរស់នៅដ៏ផូរផងរបស់ខ្មែរផងដែរ៕

អត្ថបទ៖ វង្ស សុធារម្យ