សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជា និងឥណ្ឌាមានការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ទំនាក់ទំនងទ្វេភាគីឥណ្ឌា-កម្ពុជាកន្លងមកមានភាពល្អប្រសើរ។ តែយ៉ាងណា សម្ដេចក៏ចង់ឃើញទំនាក់ទំនងនេះឈានទៅមួយកម្រិតបន្ថែមទៀត ជាពិសេសទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ការលើកឡើងរបស់សម្ដេចតេជោ បានធ្វើឡើងនៅព្រឹកទី១៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចទទួលជំនួបសម្ដែងការគួរសមជាមួយលោក Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំកម្ពុជា នៅវិមានព្រឹទ្ធសភា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ឱ្យដឹងនៅក្រោយជំនួបនេះថា សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះលោកឯកអគ្គរដ្ឋទូតឥណ្ឌា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។ ហើយសម្ដេចសង្ឃឹមថា ក្នុងអាណត្តិរបស់ លោកជាអ្នកបំពេញការទូតនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតឥណ្ឌាប្ដេជ្ញាចិត្តថាក្នុងអាណត្តិរបស់លោកជាឯកអគ្គរដ្ឋទូតនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត រួមទាំងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្ដូរទំនាក់ទំនងទ្វេភាគីរវាងថ្នាក់ដឹកនាំទាំងនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។
ទន្ទឹមឹគ្នានេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌាក៏បានរំលេចផងដែរអំពីមិត្តភាពនៃប្រទេសទាំងពីរដោយលោកបានជម្រាបសម្ដេចតេជោថា កម្ពុជានិងឥណ្ឌាមានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងចាប់តាំងពីឆ្នាំ១៩៥២មក ហើយនៅឆ្នាំ២០២៧ខាងមុខនេះគឺជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី ឥណ្ឌា-កម្ពុជាកន្លងមក ព្រមទាំងបានលើកឡើងពីការកើនឡើងនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ចំពោះទំហំពាណិជ្ជកម្មនេះ សម្ដេចបញ្ជាក់ថានៅមិនទាន់សមស្របនឹងសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ដោយបច្ចុប្បន្ននេះពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាមានប្រមាណតែជាង៣៤០លានដុល្លារទេ ដូច្នេះសម្ដេចចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក៏ដូចជាវិនិយោគមានការកើនឡើងបន្ថែមទៀតស្របទៅនឹងសក្ដានុពលនៃសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌាថែមទៀត ហើយសម្ដេចក៏សង្ឃឹមថានឹងមានទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើង ខណៈកាលពីឆ្នាំ២០២៤ភ្ញៀវទេសចរឥណ្ឌាមកកាន់កម្ពុជាមានរហូតដល់៧ម៉ឺននាក់៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្ដេចតេជោ