គ្រោះថ្នាក់ណាស់! ចាប់ខ្លួនម្ចាស់ប្រេនសម្រស់ធារ៉ា ពាក់ព័ន្ធកែឆ្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត

ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ បានចាប់ខ្លួន ឈ្មោះ ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឃុំខ្លួនជាបណ្ដោះអាសន្ន។
ការចុះបង្ក្រាបនេះមិនមែនជាលើកទី១ទេ កន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះចាប់ និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងសម្រស់ធារ៉ា ម្ដងរួចមកហើយ ប៉ុន្តែក្រុមហ៊ុននៅតែបន្ដចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ ២៥ខេត្ដក្រុង។
ដោយសារបទល្មើសកើតឡើងជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់ ទើបថ្មីៗសមត្ថកិច្ចបានចុះបង្ក្រាប ជាមួយមន្ត្រីជំនាញ ដោយបានរកឃើញថា ផលិតផលទាំងនោះផលិតដោយគ្មានស្ដង់ដារបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ បច្ចុប្បន្នតំណាងអយ្យការអមសាលាដំបូងខេត្ដពោធិ៍សាត់ បានឃុំខ្លួន ឈ្មោះជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ជាបណ្ដោះអាសន្ន និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕









