រុស្ស៊ី បង្ហាញវីដេអូដែលអះអាងពីការដណ្ដើមកាន់កាប់និគមជនមួយចំនួនក្នុងតំបន់ Kursk ត្រឡប់មកវិញ
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ បានចេញផ្សាយនូវខ្សែវីដេអូ ដែលពួកគេអះអាងថា ជាទិដ្ឋភាពនៃទីតាំងនិគមជននៅក្នុងទីប្រជុំជនស៊ុដហ្សា (Sudzha), រ៉ាស់កាយ៉ា កូណូពែលកា (Russkaya Konopelka) និងអាំងរ៉ូណូម (Agronom) ក្នុងតំបន់ឃើស (Kursk) បន្ទាប់ពីទាហានរុស្ស៊ី បានវាយដណ្ដើមយកពីអ៊ុយក្រែន ត្រឡប់មកវិញ ។
នៅក្នុងវីដេអូនោះ បានបង្ហាញអំពីទិដ្ឋភាពអគារលំនៅដ្ឋានដែលរងការខូចខាត ក៏ដូចជាគ្រឿងយុទ្ធោបករណ៍ គ្រាប់រំសែវ និងអាវុធដែលរងនូវការបំផ្លិចបំផ្លាញបន្សល់ទុកដោយទាហានអ៊ុយក្រែន ។
កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួន បានដណ្ដើមកាន់កាប់ទីប្រជុំជនស៊ុដហ្សា (Sudzha) ជាទីកន្លែងដ៏សំខាន់មួយស្ថិតនៅក្នុងតំបន់ឃើស (Kursk) ភាគខាងលិចប្រទេសរុស្ស៊ី ។
គួររម្លឹកថា ទីប្រជុំជនស៊ុដហ្សា (Sudzha) ជាទីតាំងដ៏មានសារៈសំខាន់មួយ ពីព្រោះទីនេះ ធ្លាប់ជាស្ថានីយសម្រាប់នាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់អឺរ៉ុប ទោះបីជាបច្ចុប្បន្ន ទីតាំងនេះ មិនទាន់មានដំណើរការផលិតកម្មឡើងវិញក៏ដោយ ។
គេមើលឃើញថា ការដណ្ដើមកាន់កាប់តំបន់ស៊ុដហ្សា (Sudzha) ឡើងវិញដោយរុស្ស៊ី គឺជាការចំណេញដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ម្យាងវាក៏ជួយជំរុញឱ្យកងទ័ពរុស្ស៊ី កាន់តែមានសមត្ថភាពដើម្បីបណ្ដេញកងកម្លាំងអ៊ុយក្រែន ចេញពីទីតាំងឈរជើងរបស់ពួកគេនៅក្នុងតំបន់ឃើស (Kursk) ដែលពួកគេបានកាន់កាប់ ចាប់តាំងពីខែសីហា ឆ្នាំមុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect