ព័ត៌មានអន្តរជាតិ

បទបញ្ជារបស់លោកត្រាំ ធ្វើឱ្យបុគ្គលិក VOA ជាង១ពាន់នាក់បាត់បង់ការងារ និងប៉ះពាល់ដល់ស្ថាប័នជាច្រើនទៀត

image



សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក កាលពីយប់ថ្ងៃសុក្រ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្នុងគោលបំណងកាត់បន្ថយទំហំប្រតិបត្តិការ និងឥទ្ធិពលរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ថា USAGM ដែលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយវិទ្យុសំឡេងសហរដ្ឋអាម៉េរិក VOA និងទីភ្នាក់ងារសហព័ន្ធចំនួន ៦ផ្សេងទៀតដែលធ្លាប់ទទួលបានមូលនិធិពីរដ្ឋាភិបាល។ បទបញ្ជានេះ ស្ថិតនៅក្នុងផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ក្នុងការកាត់បន្ថយការចំណាយសម្រាប់ស្ថាប័នរបស់រដ្ឋ ។

ការសម្រេចចិត្តកាត់បន្ថយនេះ កើតឡើងចំពេលគណបក្សសាធារណរដ្ឋ កំពុងចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយដែលផ្ដល់ថវិកាដោយរដ្ឋាភិបាល រួមមានទាំង VOA ផងដែរនោះ ថាមានភាពលម្អៀងប្រឆាំងនឹងទស្សនៈរបស់ក្រុមអ្នកអភិរក្សនិយម ។

ប្រធានវិទ្យុ VOA លោក ម៉ៃខល អាប្រាម៉ូវីត (Michael Abramowitz) បានលើកឡើងនៅលើបណ្ដាញផ្សព្វផ្សាយនៃវេទិកាការងារ LinkedIn ថា ស្ទើរតែទាំងអស់នៃអ្នកសារព័ត៌មាន ផលិតករ និងជំនួយការចំនួន ១,៣០០នាក់នៅក្នុងស្ថាប័ននេះ ត្រូវបានបញ្ឈប់ពីការងាររដ្ឋបាល ។

នៅក្នុងសេចក្ដីប្រកាសមួយ សេតវិមាន និយាយថា គោលដៅនៃការផ្លាស់ប្ដូរនេះ ធ្វើឡើងដើម្បីកាត់បន្ថយស្ថាប័នរដ្ឋាភិបាលដែលមិនចាំបាច់ ដូចបានដាក់ចេញដោយប្រធានាធិបតី។

ដោយផ្អែកលើរបាយការណ៍ចុងក្រោយបំផុតទៅកាន់សភា បានឱ្យដឹងថា បច្ចុប្បន្ននេះ ទីភ្នាក់ងារ USAGM មានបុគ្គលិកប្រហែល ៣,៥០០ នាក់ និងត្រូវទទួលបានថវិកា ៨៨៦ លានដុល្លារដែលបានអនុម័តកាលពីឆ្នាំ ២០២៤ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា នៅក្នុងជំហានរបស់រដ្ឋាភិបាលអាម៉េរិក បានធ្វើឱ្យទីភ្នាក់ USAGM សម្រេចបញ្ចប់កិច្ចសន្យាទាំងអស់របស់ខ្លួនជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគ្រប់គ្រងដោយឯកជន ដែលខ្លួនកំពុងតែផ្ដល់មូលនិធិឱ្យ រួមមានទាំងវិទ្យុអឺរ៉ុបសេរី (Radio Free Europe), វិទ្យុអាស៊ីសេរី (Radio Free Asia) និងវិទ្យុម៉ាទី(Radio Marti)ជាដើម ខណៈវិទ្យុម៉ាទី ជាវិទ្យុផ្សាយព័ត៌មានជាភាសាអេស្ប៉ាញនៅក្នុងប្រទេសគុយបា ។

នៅក្នុងសេចក្ដីថ្លែងការណ៍ភ្ជាប់មកជាមួយនឹងបញ្ជីនៃការរិះគន់ប្រឆាំងនឹងភាពលម្អៀងរបស់ប្រព័ន្ធផ្សព្វផ្សាយ VOA, សេតវិមាន និយាយថា ការកាត់បន្ថយនេះ នឹងធានាថា អ្នកគ្រប់គ្នាដែលបង់ពន្ធទៅឱ្យរដ្ឋាភិបាលអាម៉េរិក នឹងមិនមានជាប់ពាក់ព័ន្ធជាមួយប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការជ្រុលនិយម ឬលម្អៀងមិនស្របតាមតម្លៃរបស់រដ្ឋាភិបាលជាបន្តទៀតឡើយ ។

ទោះជាបែបណាក្ដី គេរំពឹងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាម៉េរិក អាចនឹងប្រឈមបញ្ហានានាពាក់ព័ន្ធច្បាប់ ឬនយោបាយ ព្រោះបើយោងតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក បញ្ជាក់ថា ទោះបីជាប្រធានាធិបតី អាចចេញបទបញ្ជាដើម្បីកាត់បន្ថយ ឬផ្ដល់មូលនិធិអ្វីក៏ដោយ ក៏ត្រូវតែឆ្លងកាត់ការអនុម័តពីសភាជាមុនដែរ ។

គួររម្លឹកថា វិទ្យុសំឡេងអាម៉េរិក VOA បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤២ ដើម្បីប្រឆាំងនឹងការឃោសនារបស់ណាស៊ី ដោយមានគោលបំណងផ្ដល់ព័ត៌មានត្រឹមត្រូវដល់អ្នកស្ដាប់ជាអន្តរជាតិ ដោយផ្សាយចេញទៅដល់មនុស្ស ៣៦០លាននាក់ក្នុងមួយសប្ដាហ៍ ជាមួយនឹងដំណើរការជិត ៥០ ភាសា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect/ Al Jazeera/ Others
រូបភាព៖ Others