លោកណេតាន់យ៉ាហ៊ូ បញ្ជាឱ្យទាហានអ៊ីស្រាអែលបន្តប្រតិបត្តិការឡើងវិញនៅតំបន់ហ្គាហ្សា ក្រោយស្ងប់ស្ងាត់មួយរយៈពេលខ្លី
អ៊ីស្រាអែល៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅថ្ងៃអង្គារនេះ បាននិយាយថា លោកបានណែនាំយោធាឱ្យចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមនេះ ដែលមិនព្រមដោះលែងចំណាប់ខ្មាំង និងបដិសេធរាល់សំណើបទឈប់បាញ់ជាមួយអ៊ីស្រាអែល ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យរបស់នាយករដ្ឋមន្ត្រី បានអះអាងថា «ចាប់ពីពេលនេះតទៅ អ៊ីស្រាអែល នឹងបង្កើនសកម្មភាពយោធា ដើម្បីប្រឆាំងនឹងក្រុមហាម៉ាស» ។
ទន្ទឹមនឹងនោះ តាមរយៈប្រព័ន្ធបណ្ដាញសង្គម X កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួននឹងបង្កើនការវាយប្រហារកាន់តែទូលំទូលាយលើគោលដៅភេរវករ ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ។
ក្នុងនោះ មន្ត្រីពេទ្យរបស់ប៉ាឡេស្ទីន និយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០០ នាក់ ខណៈការវាយប្រហារលើគោលដៅជាច្រើនកាលពីព្រឹកថ្ងៃអង្គារ បានបញ្ចប់ការប្រឈមមុខដាក់គ្នាជាបណ្ដោះអាសន្នជុំវិញបទឈប់បាញ់ដែលជួយបញ្ឈប់ការប្រយុទ្ធគ្នា ក្នុងខែមករា ។
ជុំវិញដំណឹងនេះ មានសេចក្ដីរាយការណ៍ពីការវាយប្រហារនៅក្នុងទីតាំងជាច្រើន រួមមានទាំងភាគខាងជើងតំបន់ហ្គាហ្សា ទីក្រុងហ្គាហ្សា និងឌែរអាល់បាឡាហ៍, ខាន់យូនីស និងទីក្រុងរ៉ាហ្វា (ភាគកណ្ដាលតំបន់ហ្គាហ្សា) រួមទាំងភាគខាងត្បូងតំបន់នេះជាដើម។ មន្ត្រីពេទ្យរបស់ប៉ាឡេស្ទីន បានបញ្ជាក់ដែរថា អ្នកស្លាប់ជាច្រើននាក់ គឺជាកុមារ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect