សង្គម

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសបរទេស ជួយបណ្ដុះបណ្ដាលធនធានខួរក្បាលនៅកម្ពុជា

image


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្ដេចចង់ឱ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសបរទេសនៅកម្ពុជា ដែលមានចំនួន១១ប្រទេស ជួយបន្ថែមដល់ប្រទេសកម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌនៃហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បាននោះគឺការបណ្ដុះបណ្ដាលនូវធនធានខួរក្បាល។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសចំនួន១១ប្រទេស ដឹកនាំដោយលោកបណ្ឌិត សាឡា អ៉ីសា (Salah Essa) កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ការបណ្ដុះបណ្ដាលធនធានខួរក្បាល ដែលសម្ដេចតេជោលើកឡើងនេះ គឺសំដៅទៅលើធន ធានមនុស្សរបស់ប្រទេសកម្ពុជាឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ឱ្យដឹង នៅក្រោយជំនួបរបស់សម្ដេច ថា សម្ដេចតេជោរំពឹងថាតាមរយៈជំនួបនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយនឹងបណ្ដាប្រទេសទាំង១១មានភាពរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងប្រទេសទាំង១១ផងដែរ ជាពិសេសផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ជាមួយនឹងបណ្ដាប្រទេសទាំងនោះឲ្យមានការកើនឡើងបន្ថែមទៀត។

ជាការឆ្លើយតបនឹងការលើកឡើងរបស់សម្ដេចតេជោ លោក សាឡា អ៉ីសា កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប ប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកនឹងខិតខំប្រឹងប្រែងជាមួយនឹងតំណាងនៃកុងស៊ុលកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណាឲ្យការធ្វើវិនិយោគពាណិជ្ជកម្ម អភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជាជាមួយបណ្ដាប្រទេសទាំង១១ឱ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង១១ មកវិនិយោគ ឬបង្កើតនូវទេសចរណ៍នៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែម។

បន្ទាប់បានស្ដាប់នូវការប្ដេជ្ញារបស់លោកកុងស៊ុលកិត្តិយស សម្ដេចតេជោបានឆ្លើយតបថា កម្ពុជារង់ចាំធ្វើការជាមួយនឹងបណ្ដាស្ថាប័ន ក៏ដូចជាបណ្ដានៃប្រទេសទាំង១១ ដើម្បីធ្វើយ៉ាងណាជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគឲ្យកាន់តែល្អប្រសើរនៅក្នុងក្របខណ្ឌរវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសទាំង១១។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកអំពីបញ្ហាពិភពលោកដែលកំពុងកើតមាន ដូចជាបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាសង្គ្រាមពាណិជ្ជកម្មជាដើម ដែលចាំ បាច់ឱ្យភាគីទាំងអស់ត្រូវធ្វើរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ដើម្បីគោលដៅប្រយោជន៍នៃបណ្ដាប្រទេសទាំងសងខាង ទាំងតំបន់ ក៏ដូចជាពិភពលោក៕

អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្ដេចតេជោ