ព័ត៌មានជាតិ

វិធីសាស្ត្រទាក់ម៉ូយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ កំពុងប្រែក្លាយខេត្តកំពង់ស្ពឺ​ ជាគោលដៅអ្នកវិនិយោគ​ និងឱកាសការងារសម្រាប់ពលរដ្ឋ

image


កំពង់ស្ពឺ៖​ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​ នៃរដ្ឋសភា (គណៈកម្មការទី៧)​ លោក ប៉ា សុជាតិវង្ស បានលើកឡើងថាវិធីសាស្ត្រទាក់ម៉ូយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើឱ្យខេត្តកំពង់ស្ពឺ​ ក្លាយជាខេត្តគោលដៅសម្រាប់អ្នកវិនិយោគ​ និងឱកាសការងារយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋអ្នកខេត្តនេះ។​ ការលើកឡើងដូចនេះ ពេលដឹកនាំប្រតិភូនៃគណៈកម្មការ ជួបប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងប្រធានមន្ទីរទាំង៤ ក្នុងបន្ទុកគណៈកម្មការ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

លោក ប៉ា សុជាតិវង្ស​ បានលើកឡើងថា​ ខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅវិនិយោគឈានមុខគេនៅកម្ពុជា ដោយទទួលបានចំនួនគម្រោងខ្ពស់បំផុតក្នុងឆ្នាំ២០២៤ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន៤១៤ ដែលត្រូវបានអនុម័តទូទាំងប្រទេស ខេត្តកំពង់ស្ពឺ​ បានទាក់ទាញគម្រោងចំនួន៩៣ ដែលឈរនៅលំដាប់កំពូល និងបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចដែលកំពុងកើនឡើង។​ ជុំវិញការទាក់ទាញបាននូវអ្នកវិនិយោគដ៏ច្រើននេះ ក៏បានបង្ហាញឱ្យឃើញនូវការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ពិសេសគឺ​ ភាពឈ្លាស់វៃរបស់អ្នកដឹកនាំខេត្តកំពង់ស្ពឺដែលផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគ។

ទន្ទឹមនោះដែរ​ លោក ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់​ និងក្រើនរំឭកផងដែរថា ការអភិវឌ្ឍនានាតាមមូលដ្ឋានតែងតែមានបញ្ហា និងការប្រឈមចៀសមិនរួច តែទាមទារឱ្យថ្នាក់ដឹកនាំខេត្ត​ និងមន្ត្រីជំនាញទាំងអស់ បន្តរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ដោយគិតគូរកែច្នៃបញ្ហាប្រឈមទាំងនោះ ឱ្យក្លាយទៅជាឱកាស ដើម្បីជាផលប្រយោជន៍ និងជាអាទិភាពសម្រាប់ប្រជាពលរដ្ឋទាំងមូល។​ រដ្ឋបាលខេត្ត ក៏ត្រូវធ្វើការវិនិច្ឆ័យ វាយតម្លៃស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន កំណត់នូវបញ្ហាប្រឈមនានា ដាក់ចេញនូវគោលដៅសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីស្នើជាដំណោះស្រាយ ពីថ្នាក់ជាតិឱ្យចំគោលដៅ ព្រោះគោលការណ៍ណែនាំថ្នាក់ជាតិ ដែលបានដាក់ចេញឱ្យអនុវត្តជារួមនោះ មិនប្រាកដថា​ ត្រូវនឹងបរិបទក្នុងខេត្តទាំងស្រុងនោះឡើយ។

យោងតាមការលើកឡើង​ដោយ​ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺក្នុងជំនួបនោះ​ បានឱ្យដឹងថា ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាវិធីសាស្ត្រ​ «ទាក់ម៉ូយវិនិយោគ» របស់សម្តេចបានធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយជាបណ្តុំរោងចក្រសហគ្រាសដែលគិតមកដល់បច្ចុប្បន្នខេត្តនេះមានរោងចក្រសហគ្រាសប្រមាណ​ ១៣៩២កន្លែង​ និងមានកម្មករ កម្មការិនីជិត​ ២៥ម៉ឺននាក់​ កំពុងបម្រើការ។

លោកអភិបាលខេត្តកំពង់ស្ពឺ​ បានបញ្ជាក់ថា ដោយមានការវិវត្តន៍ឆាប់រហ័សនៃកំណើនរោងចក្រ សហគ្រាស​ ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យខេត្តមួយនេះជួបនូវវិបត្តិកង្វះកម្មកររ៉ាប់ម៉ឺននាក់សម្រាប់បំពេញបន្ថែមនៅតាមរោងចក្រ សហគ្រាសទាំងនោះ។​ ដូច្នេះសម្រាប់អ្នកដែលបានបញ្ចប់ការសិក្សាហើយកំពុងស្វែងរកការងារធ្វើ​ និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាដែលកំពុងចង់ចំណាកស្រុកទៅប្រទេសដទៃដើម្បីរការងារធ្វើដែរនោះ អាចប្តូរចិត្តហើយមកធ្វើការនៅខេត្តកំពង់ស្ពឺបាន ព្រោះការងារកំពុងរង់ចាំ៕



អត្ថបទ៖​ ប៊ុត សារុន