ព័ត៌មានអន្តរជាតិ

លោកដូណាល់ត្រាំអះអាងពីវឌ្ឍនភាពក្នុងដំណើរការចរចាសន្តិភាពសម្រាប់អ៊ុយក្រែន

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរការចរចាសន្តិភាពនៅអ៊ុយក្រែនកំពុងតែប្រព្រឹត្តិទៅយ៉ាងរលូន ស្របពេលអាម៉េរិកនិងអ៊ុយក្រែនគ្រោងនឹងធើ្វការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងធនធានធម្មជាតិក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីលោកបានជួបសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោកហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ី លោកពុទីន នៅសប្តាហ៍នេះ។

លោកដូណាល់ត្រាំបានថ្លែងអះអាងដូច្នេះ អំឡុងពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយនៅឯសេតវិមាន ដើម្បីបង្កើនបរិមាណផលិតកម្មរ៉ែសំខាន់ៗរបស់សហរដ្ឋអាម៉េរិក ខណៈលោកបានបញ្ជាក់ថា អាម៉េរិកនិងអ៊ុយក្រែនបានឯកភាពគ្នាលើកិច្ចព្រមព្រៀងអាជីវកម្មរ៉ែកម្រលើទីតាំងជាច្រើនកន្លែងក្នុងទឹកដីប្រទេសអ៊ុយក្រែន។

លោកដូណាល់ត្រាំបានអះអាងទៀតថា “រុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងគ្នាលើសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃរបស់អាម៉េរិក ដែលជាគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍សម្រាប់ផ្តល់ឱកាសឱ្យមានកិច្ចព្រមព្រៀងសន្តិភាពពេញលេញនៅពេលខាងមុខ“។

លោកត្រាំបានបន្តលើកឡើងថា លោកចង់ឃើញសង្គ្រាមអ៊ុយក្រែនអាចបញ្ចប់ទៅក្នុងពេលឆាប់ៗ ហើយលោកជឿជាក់ថា អ្វីៗគ្រប់យ៉ាងកំពុងតែវិវត្តន៍ទៅមុខយ៉ាងល្អ។

គួរជម្រាបថា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរ៉ែកម្ររវាងអាម៉េរិកនិងអ៊ុយក្រែននេះ កាលពីដើមខែមីនាកន្លង ភាគីរដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសជំហរនឹងខិតខំសម្រេចឱ្យបានការព្រមព្រៀងឱ្យបានឆាប់រហ័សតាមតែអាចធើ្វឡើង ខណៈក្រុមអ្នកវិភាគបានចាត់ទុកកិច្ចព្រមព្រៀងនេះថា គឺជាការទាមទារត្រឡប់មកវិញនូវអ្វីដែលសហរដ្ឋអាម៉េរិកបានផ្តល់ទៅឱ្យអ៊ុយក្រែនក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ ដើម្បីទប់ទល់នឹងការសង្គ្រាមឈ្លានពានរបស់រុស្ស៊ី៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect