ព័ត៌មានជាតិ

អាជ្ញាធរជាតិ រួមជាមួយក្រសួងទេសចរណ៍ ចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់ App NoDrug ក្នុងឱកាសបុណ្យទន្លេ នៅខេត្តតាកែវ លើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

image


តាកែវ៖ ក្នុងឱកាសរយៈពេល ៣ថ្ងៃនៃបុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នឯកជន បានរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug : https://nodrugsnacd.com/download ដើម្បីចំណេះដឹង និងចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។


ការផ្សព្វផ្សាយ ធ្វើឡើងតាមរយៈការតាំងពិព៌រណ៍រូបភាពសកម្មភាពថ្នាក់ដឹកនាំ រូបភាពផលវិបាកនៃគ្រឿងញៀន លទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ច្បាប់ និងវត្ថុអនុស្សារីយ៍ផ្សេងៗ រួមមាន មួក ប្រតិទិន ឆ័ត្រ ផ្លិត កែវ កាបូប ចែកជូន និងបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ សំដៅចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង និងសម្អាតចកពីបឹង » ដោះស្រាយកង្វល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។


លោក ឡោ សុវិជ្ជា មន្រ្តីជាន់ខ្ពស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅរៀងរាល់ពេលប្រារព្ធពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ តែងតែគាំទ្រ និងចូលរួមទស្សនា សិក្សាស្វែងយល់ពីបញ្ហាគ្រឿងញៀនច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងបន្ថែមកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង ថា បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ ”គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”  នៅខេត្តតាកែវ ពីថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ២០២៤ មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសាធារណជនបានចូលរួមយ៉ាងច្រើនកុះករ ពិសេសក្រុមយុវជន យុវនារី បានចូលទស្សនាសិក្សាស្វែងយល់ ឆ្លើយសំណួរ សួរសំណួរ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ “សមាជិកផ្ទះអ្នក ផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន”។


លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ត ថា “វត្តមានសម្តេចធិបតី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើឱ្យសម្រេចបាននូវឆន្ទៈមុះមុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់នីតិកាលទី៧ ដែលគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហារួម ដែលត្រូវចូលរួមទប់ស្កាត់លុបបំបាត់និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ចាប់ផ្តើមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត ទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស រហូតដល់សមាជិកគ្រួសារ ធ្វើការអប់រំក្រើនរំលឹកពីផលប៉ះពាល់វិនាសកម្មនៃគ្រឿងញៀន និងមានវិធានម៉ឺងម៉ាត់ និងតឹងរឹងបំផុតចំពោះការប្រើប្រាស់គ្រឿងញៀន បន្តចូលរួមជំរុញនិងប្រើប្រាស់ App NoDrug ដើម្បីទទួលសារអប់រំ ព័ត៌មាន មេរៀននិងរាយការណ៍ហើយអាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយបង្ក្រាបទាន់ពេលរាល់ករណីពលរដ្ឋរាយការណ៍ពីករណីគ្រឿងញៀនតាម App NoDrug ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ពលរដ្ឋមកលើសមត្ថកិច្ច។”


ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វវិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជន ដែលបានបន្តចូលរួមជួយឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យ ត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅ៕