រុស្ស៊ី និងអ៊ុយក្រែន យល់ព្រមផ្អាកការវាយប្រហារលើរោងចក្រថាមពលជាបណ្ដោះអាសន្ន
រុស្ស៊ី៖ នាថ្ងៃអង្គារ ទី២៥ ខែមីនា វិមានក្រឹមឡាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយរៀបរាប់ថា រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្អាកការវាយប្រហារគ្នាជាបណ្ដោះអាសន្នលើគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន។
គោលដៅដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ រួមមាន រោងចក្រចម្រាញ់ប្រេង, បំពង់បង្ហូរប្រេង និងឧស្ម័ន, រោងចក្រថាមពលនុយក្លេអ៊ែរ, ទីតាំងស្តុកប្រេងឥន្ធនៈ, ស្ថានីយបូមទឹក, ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល ដូចជារោងចក្រថាមពល, ស្ថានីយរង, និងទំនប់វារីអគ្គិសនីជាដើម ។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងដែរថា ការផ្អាកបណ្តោះអាសន្នពាក់ព័ន្ធនឹងការវាយប្រហារគ្នាលើហេដ្ឋារចនាសម្ព័ន្ធថាមពល បានចាប់ផ្តើមពីថ្ងៃទី ១៨ ខែមីនា ហើយមានសុពលភាពរយៈពេល ៣០ ថ្ងៃ និងអាចបន្តយូរជាងនេះ បើភាគីទាំងពីរយល់ព្រមគ្នាជាបន្ត។
វិមានក្រឹមឡាំង បានបន្ថែមឱ្យដឹងទៀតថា ប្រសិនបើកិច្ចព្រមព្រៀង ត្រូវភាគីណាមួយរំលោភបំពាន នោះភាគីម្ខាងទៀត នឹងលែងមានកាតព្វកិច្ចអនុវត្តតាមជាបន្តទៀតហើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Others