ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែន ២៤នាក់ អាចនឹងជាប់ពន្ធនាគារ២០ឆ្នាំ ក្រោយតុលាការរុស្ស៊ីចេញសាលក្រមចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម

image


រុស្ស៊ី៖ ជុំវិញស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គេរំពឹងថា តុលាការរុស្ស៊ី នៅឯទីក្រុងរ៉ូស្តូវអនដុន (Rostov-on-Don) នឹងប្រកាសសាលក្រមក្នុងការកាត់ទោសលើយោធាអ៊ុយក្រែន ដែលភាគច្រើនមកពីអតីតកងវរសេនាធំអាហ្សូវ (Azov)។ កងវរសេនាធំនេះ បានចូលរួមនៅក្នុងការការពារទីក្រុងម៉ារីយូពុល (Mariupol) អំឡុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាក្នុងរយៈពេលជាច្រើនខែប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ក្នុងចន្លោះខែកុម្ភៈ ដល់ខែមេសា ឆ្នាំ ២០២២ ។

ក្នុងចំណោមអ្នកទោសទាំងនោះ រួមមានទាហានអ៊ុយក្រែន ២៤នាក់ ដែលមានស្ត្រីចំនួន៩នាក់ ទទួលរងនូវការចោទប្រកាន់ពីការធ្វើសកម្មភាពភេរវកម្ម និងចូលរួមជាមួយអង្គការភេរវករ ហើយអ្នកទាំងនោះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ។

កាលពីខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ហើយភាគីទាំងសងខាងចាប់ផ្ដើមមានជម្លោះរ៉ាំរ៉ៃតាំងពីពេលនោះមក។ កាលនោះ រុស្ស៊ីអះអាងថា ខ្លួនកំពុងធ្វើសកម្មភាពការពារប្រជាជននិយាយភាសារុស្ស៊ីនៅអ៊ុយក្រែន ខណៈលោកខាងលិចកំពុងយកអ៊ុយក្រែន ធ្វើជាឧបករណ៍សង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ ទោះជាបែបណាក្ដី អ៊ុយក្រែន និងប្រទេសលោកខាងលិច បានច្រានចោលការលើកឡើងរបស់រុស្ស៊ី ដោយនិយាយថា អ៊ុយក្រែន កំពុងតស៊ូដើម្បីរស់រានមានជីវិត និងដើម្បីប្រឆាំងនឹងសត្រូវដែលកំពុងព្យាយាមដណ្ដើមយកអធិបតេយ្យភាពរបស់អ៊ុយក្រែន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ ​The Moscow Times/ Getty Images/ Others