ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ក្នុងក្រុងបាងកកអាចកើនឡើង ក្រោយរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា ខណៈគ្រោះរញ្ជួយដីអាចនឹងកើតមានជាបន្ត

image


ថៃឡង់ដ៍៖ ឥទ្ធិពលនៃគ្រោះរញ្ជួយដីដ៏ខ្លាំងសម្បើមមួយដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ បានបណ្តាលឱ្យមនុស្ស ១០នាក់ស្លាប់ និង១៦នាក់រងរបួស រួមទាំងមានអ្នកបាត់ខ្លួនចំនួន ១០១នាក់ផ្សេងទៀត នៅឯការដ្ឋានសំណង់ចំនួន ៣ ទីតាំងក្នុងទីក្រុងបាងកក ដោយរាប់បញ្ចូលទាំងអគាររដ្ឋាភិបាលកម្ពស់ ៣០ជាន់ដែលបានដួលរលំ នេះបើយោងតាមអភិបាលរងក្រុងបាងកក លោកស្រី ថាវីដា ខាម៉ុលវិច (Tavida Kamolvej) ។


គួររម្លឹកថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានកើតឡើងនៅក្នុងទីក្រុងម៉ាន់ដាឡេ (Mandalay) ប្រទេសមីយ៉ាន់ម៉ា កាលពីម៉ោង ១៖២០នាទីរសៀលថ្ងៃសុក្រ នៅក្នុងជម្រៅ ១០គីឡូម៉ែត្រ ហើយបានឆក់យកអាយុជីវិតមនុស្សជាង ១៤០នាក់នៅមីយ៉ាន់ម៉ា ដោយឥទ្ធិពលនៃគ្រោះមហន្តរាយនេះ បានបញ្ជូនរលករំញ័រទៅដល់ប្រទេសជាច្រើននៅក្នុងតំបន់ រួមមានទាំងចិន វៀតណាមជាដើម ប៉ុន្តែប្រទេសថៃ ជាប្រទេសដែលប៉ះពាល់ខ្លាំងជាងគេបន្ទាប់ពីមីយ៉ាន់ម៉ា ។


យោងតាមមន្ត្រីមួយរូបមកពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានឱ្យដឹងថា នៅក្នុងប្រទេសថៃ គ្រោះរញ្ជួយដីនេះ បានបណ្ដាលឱ្យមានការខូចខាតជាច្រើននៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ១០ផ្សេងទៀត រួមមាន ខេត្តសមុទ្រសាខន (Samut Sakhon), ឈៀងម៉ៃ, ឈៀងរ៉ៃ, ភ្រែ (Phrae), មេហុងសន (Mae Hong Son), ឡាំប៉ាង (Lampang), ឆៃណាត់ (Chai Nat), ឡាំភុន (Lamphun), លឿ (Loei), និងខេត្តកំផែងពេជ្រ (Kamphaeng Phet) ។


នៅថ្ងៃសៅរ៍នេះ ក្រសួងឧតុនិយម បានរាយការណ៍ពីគ្រោះរញ្ជួយដីចំនួនពីរលើកបន្ថែមទៀតនៅក្នុងខេត្តមេហុងសន (Mae Hong Son) ភាគខាងជើង ដោយលើកទី១ កើតមានឡើងនៅក្នុងស្រុកប៉ៃ (Pai) កាលពីម៉ោង ១១៖២១ នាទីយប់ថ្ងៃសុក្រ ជាមួយនឹងកម្រិតរំញ័រ ៤.១ រ៉ិចទ័រក្នុងជម្រៅ ៥គីឡូម៉ែត្រ ហើយនៅលើកទីពីរ បានកើតមានឡើងក្នុងស្រុកដដែលនេះ កាលពីម៉ោង ៣៖២៤នាទីព្រឹកថ្ងៃសៅរ៍ ក្នុងកម្រិតរំញ័រ ២.០ រ៉ិចទ័រ ដោយអាជ្ញាធរ មិនទាន់មានរបាយការណ៍អំពីការខូចខាតភ្លាមៗនៅឡើយទេ ។


លើសពីនេះ គេរំពឹងថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីរសៀលថ្ងៃសុក្រ នឹងបន្តកើតមាននៅក្នុងប្រទេសថៃ ក្នុងរយៈពេលប្រមាណជា ១ ទៅ ២សប្ដាហ៍ទៀត នេះបើយោងតាមអ្នកជំនាញផ្នែករញ្ជួយដី។ ក្នុងពេលដំណាលគ្នា អ្នកជំនាញផ្នែកវិស្វកម្មសំណង់ បានជំរុញដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការវាយតម្លៃរចនាសម្ព័ន្ធអគារខ្ពស់ៗនៅពេលមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបែបនេះ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Bangkok Post
រូបភាព៖ ​Various Sources