សេដ្ឋកិច្ច

កម្ពុជាស្នើដល់ភាគីស្វីស ពិចារណាជំរុញវិស័យអាទិភាពមួយចំនួន ដើម្បីភាពរីកចម្រើននៅកម្ពុជា

image

ភ្នំពេញ៖ អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា បានស្នើដល់ភាគីប្រទេសស្វីស ពិចារណាលើការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយការបង្កើនឧត្ដមភាព ប្រៀបធៀប, ភាពប្រកួតប្រជែង, ពិពិធកម្មផលិតភាព និងទីផ្សាររបស់កម្ពុជា។ 

លោក ឈៀង យ៉ាណារ៉ា បានស្នើដូចនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Reto Grueninger នាយកកិច្ចសហប្រតិបត្តិការថ្មី នៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា។ លោកបានថ្លែងអំណរគុណ ចំពោះភាគីស្វីស ដែលបានផ្តល់ និងបន្តផ្តល់ការគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ការរួមចំណែកក្នុងការដោះមីននៅកម្ពុជា និងគាំទ្រយ៉ាងសកម្ម ក្នុងការពង្រឹងយន្តការភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ។ 

លោក Reto Grueninger បានសម្តែងការកោតសរសើរ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងជំនួបនេះដែរ លោកក៏បាន ស្នើសុំលោកទេសរដ្ឋមន្ត្រី ដើម្បីស្វែងយល់បន្ថែមអំពីវិស័យអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការត្រៀមចាកចេញដោយរលូនរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការដឹកនាំរបស់កម្ពុជា ក្នុងការចូលរួមការធ្វើអង្កេតលើកទី៤ ស្តីពីភាព ជាដៃគូសកល សម្រាប់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ 

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានឯកភាព និងគាំទ្រចំពោះការស្នើបន្តកម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ រយៈពេលមួយឆ្នាំទៀត ដែលគ្រោងនឹងបញ្ចប់នាឆ្នាំ២០២៦។ កម្មវិធីនេះបានផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា អភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ, ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន, ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ និងវិស័យផ្សេងៗ ដែលវិស័យអាទិភាពទាំងនេះ នៅតែមានសង្គតិភាពជាមួយវិស័យអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ចំពោះការត្រៀមរៀបចំកម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គដំណាក់កាលថ្មី ក្នុងនោះលោកទេសរដ្ឋមន្ត្រី ក៏បានស្នើភាគីស្វីស ពិចារណាលើការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយការបង្កើនឧត្ដមភាព ប្រៀបធៀប, ភាពប្រកួតប្រជែង, ពិពិធកម្មផលិតភាព និងទីផ្សារផងដែរ៕ 

អត្ថបទ៖ ចេង ឆហួត