ក្រសួងអប់រំ ចេញសេចក្ដីណែនាំពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
ភ្នំពេញ៖ សេចក្ដីចូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ព្រមទាំងចៀសវាងបាតុភាពផ្សេងៗនៅក្នុងឱកាសត្រៀមអបអរសាទរ តាមរយៈសង្ក្រាន្តតាមគ្រឹះស្ថានសិក្សា ក្រសួងបានដាក់ចេញនូវចំណុចសំខាន់ចំនួន៤។
នៅសល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនឹងចូលមកដល់ ខណៈដែលតាមសាលារៀន និងសាកលវិទ្យាល័យនានាគម្រោងរៀបចំសង្ក្រាន្តរៀងៗខ្លួន។
ដូច្នេះដើម្បីចៀសវាងបាតុភាពផ្សេងៗនៅក្នុងឱកាសត្រៀមអបអរសាទរ តាមរយៈសង្ក្រាន្តតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំបានចេញសារណែនាំចំនួន៤ចំណុចរួមមាន៖ ១.បង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ និងល្បែងប្រជាប្រិយខ្មែរមួយចំនួនដូចជា ល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ និងទាញ ព្រ័ត្រជាដើម។ ២.ណែនាំដល់លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹកចិត្ត និងសម្របសម្រួលឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយដូចក្នុងចំណុចទីមួយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ៣.ហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា ដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល។ ៤.សហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់និងទទួលព័ត៌មានដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា។
ក្រសួងអប់រំគូសបញ្ជាក់ទៀតថា ទទួលបានសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការផ្សព្វផ្សាយ និងអនុវត្តតាមសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ សុភៈនារី