ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងគិតគូរពីការផ្លាស់ប្តូរអគារចាស់ទ្រុឌទ្រោម ក្នុងរាជធានីភ្នំពេញមួយចំនួន ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពពលរដ្ឋ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ក្រសួងកំពុងគិតគូរពីការផ្លាស់ប្តូរអគារចាស់ៗមួយចំនួនដែលមានសភាពចាស់ទ្រុឌទ្រោម ដែលសាងសង់តាំងពីទសវត្សឆ្នាំ ១៩៥០ ទសវត្សឆ្នាំ ១៩៦០ និងទសវត្សឆ្នាំ ១៩៧០ ដើម្បីការពារសុខសុវត្ថិភាពអ្នករស់នៅក្នុងអគារផ្ទាល់ ក៏ដូចជា សាធារណជនទូទៅ ខណៈដែលអគារទាំងនោះជិតដល់អាយុកាលត្រូវផ្លាស់ប្តូរហើយ។
ការលើកឡើងបែបនេះរបស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីសប្តាហ៍មុននេះ។
ថ្លែងទៅកាន់អ្នកអភិវឌ្ឍន៍លំនៅឋានធំៗនៅកម្ពុជាជាច្រើន នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា កន្លងមកអ្នកអភិវឌ្ឍន៍លំនៅឋាន ហាក់ចាប់អារម្មណ៍ធ្វើការវិនិយោគតែតំបន់ជាយរាជធានីភ្នំពេញ ប៉ុន្តែពេលនេះគួរងាកមកតំបន់កណ្តាលក្រុងវិញម្តង ដូចជា ខណ្ឌ ៧មករា, ខណ្ឌចំការមន និងខណ្ឌដូនពេញជាដើម ខណៈដែលក្នុងតំបន់ទាំងនេះ មានអគារមួយចំនួនមានសភាពចាស់ទ្រុឌទ្រោមទៅហើយ ដែលសាងសង់ឡើងតាំងពីទសវត្សឆ្នាំ ១៩៥០ ឬ ទសវត្សឆ្នាំ ១៩៧០ ដែលជិតដល់ពេលត្រូវដោះដូរអគារហើយ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ខ្ញុំដោះដូរអគារទ្រុឌទ្រោមនេះ គឺមានរឿងតែប៉ុណ្ណេះទេ គឺការពារអាយុជីវិតសង្គមជាតិយើងឱ្យហើយ។ អ្នកដែលរស់នៅអគារមិនរៀបរយ ទ្រុឌទ្រោម ចៀសមិនផុតពីការបៀតបៀន ហិង្សា និងគ្រឿងញៀននោះទេ ដូច្នេះខ្ញុំត្រូវតែធ្វើការដោះដូរពួកគាត់ឱ្យចេញពីហ្នឹង»។
សូមរំលឹកថា កាលពីកន្លងទៅនេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមនៅក្នុងរាជធានីភ្នំពេញ ដោយបើកចំហសម្រាប់ការបញ្ចេញមតិយោបល់របស់ពួកគាត់ ដើម្បីរួមគ្នារកដំណោះស្រាយចំពោះអគារដែលងាយរងហានិភ័យទាំងនេះ ក្នុងគោលបំណងបង្ការកុំឱ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារ និងបញ្ជៀសពីផលប៉ះពាល់នៃអំពើហិង្សា និងគ្រឿងញៀនចំពោះកូនចៅដែលរស់នៅក្នុងប្លុកអគារចាស់ទ្រុឌទ្រោមទាំងនេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរាជធានីភ្នំពេញមានសំណង់អគារ ចាស់ បាក់បែកទ្រុឌទ្រោម ២១កន្លែង ស្ថិតនៅខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង៕
អត្ថបទ៖ សៀម ប៊ុនធី