ព័ត៌មានអន្តរជាតិ

បាតុករអ៊ីស្រាអែលរាប់រយនាក់ ចេញតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកណេតាន់យ៉ាហ៊ូ

image


អ៊ីស្រាអែល៖ នៅថ្ងៃចន្ទម្សិលមិញ ចលនាបាតុករបានផ្ទុះឡើងនៅក្នុងទីក្រុងហ្សេរុយសាឡឹម ដោយពលរដ្ឋអ៊ីស្រាអែលរាប់រយបានចូលរួមការដង្ហែរក្បួនតវ៉ា ទាមទារឱ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដើម្បីរៀបចំការបោះឆ្នោតឡើងវិញ ហើយនិងជំរុញឱ្យមានដោះស្រាយចំណាប់ខ្មាំងដែលនៅសេសសល់ជាមួយក្រុមហាម៉ាសនៅហ្គាហ្សា។

សកម្មភាពតវ៉ានេះត្រូវបានបង្អាកដោយអាជ្ញាធរប៉ូលិស ដែលបានព្យាយាមធើ្វការចាប់ខ្លួនបាតុករជាច្រើនរូបដោយបង្ខំ និងញាំងឱ្យមានការប៉ះទង្គិចហិង្សាមួយចំនួនកើតឡើង។

គួរជម្រាបថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចលនាបាតុកម្មបានកើតមានឡើងជាញឹកញាប់នៅអ៊ីស្រាអែល ខណៈមានពលរដ្ឋអ៊ីស្រាអែលកាន់តែច្រើនឡើងហាក់មិនពេញចិត្ត ចំពោះការបន្តប្រតិបត្តិសឹកឡើងវិញនៅតំបន់ហ្គាហ្សារបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Netanyahu រួមនិងរឿងរ៉ាវនៃការផ្លាស់ប្តូរតំណែងរបស់មន្រ្តីប្រធានការិយាល័យចារកិច្ចមួយរបស់អ៊ីស្រាអែល គឺលោក Ronen Bar ដែលគេស្គាល់ថាជាអ្នកដឹកនាំការស៊ើបអង្កេតករណីលួចមានទំនាក់ទំនងដោយសម្ងាត់រវាងមន្រ្តីជំនួយការរបស់លោក Netanyahu ចំនួន ៣រូប ជាមួយនិងភាគីរដ្ឋាភិបាលប្រទេសកាតា។

គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានបន្តការវាយប្រហារផ្លូវអាកាសឡើងវិញលើតំបន់ហ្គាហ្សា គិតតាំងពីពាក់កណ្តាលខែមីនាកន្លងទៅ ក្រោយពីកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានរយៈពេល ៤២ថ្ងៃជាមួយក្រុមហាម៉ាសត្រូវបានបញ្ចប់ និងធើ្វឱ្យស្ថានការណ៍រស់នៅរបស់ពលរដ្ឋប៉ាឡេស្ទីនវិលត្រឡប់ទៅរកភាពវេទនា និងការអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ស្របពេលអ៊ីស្រាអែលបានបន្តការបិទខ្ទប់ជំនួយមនុស្សធម៌មិនឱ្យចូលទៅតំបន់ហ្គាហ្សា បើទោះបីជាសហគមន៍អន្តរជាតិកាន់តែច្រើនបានសម្តែងការថ្កោលទោសចំពោះសកម្មភាពដ៏អមនុស្សធម៌នេះយ៉ាងណាក្តី។

ប្រឈមនឹងស្ថានភាពនេះដែរ ពលរដ្ឋអ៊ីស្រាអែលកាន់តែច្រើនឡើងបានចូលរួមធើ្វការតវ៉ា ជំរុញឱ្យរដ្ឋាភិបាលលោក Netanyahu ស្វែងរកដំណោះស្រាយបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីឱ្យមានការដោះលែងចំណាប់ខ្មាំងបន្ថែម ហើយនិងអំពាវនាវឱ្យបញ្ចប់ប្រតិបត្តិការយោធានៅហ្គាហ្សា និងជំរុញឱ្យមានការគាំពារច្បាប់រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យរបស់អ៊ីស្រាអែលឱ្យបានរឹងមាំឡើងវិញ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect