ព័ត៌មានជាតិ

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមព្រៀងជំរុញពាណិជ្ជកម្មក្នុងតំបន់ និងត្រៀមខ្លួនទប់ទល់ពន្ធគយរបស់លោក Trump

image


អាស៊ីបូព៌ា៖ កាលពីចុងសប្ដាហ៍កន្លងទៅ ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានបើកកិច្ចសន្ទនាសេដ្ឋកិច្ចរួមគ្នាជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ ក្នុងគោលបំណងស្វែងរកការសម្របសម្រួលផ្នែកពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ ខណៈប្រទេសមហាអំណាចនាំចេញទាំងបីក្នុងតំបន់អាស៊ី កំពុងរៀបចំខ្លួនទប់ទល់នឹងផលប៉ះពាល់ផ្នែកពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ។
ក្នុងនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងបី បានព្រមព្រៀងគ្នាធ្វើការសហការយ៉ាងជិតស្និទ្ធ លើកិច្ចពិភាក្សាយ៉ាងទូលំទូលាយកម្រិតថ្នាក់ដឹកនាំ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បូង-ជប៉ុន-ចិន ដើម្បីលើកកម្ពស់ "ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក" នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំនេះ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក អាន់ ឌុកគឺន (Ahn Duk-geun) មានប្រសាសន៍ថា «នេះពិតជាចាំបាច់ណាស់ ដើម្បីពង្រឹងចំពោះការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ដែលប្រទេសទាំងបីបានចូលរួម និងបង្កើតក្របខ័ណ្ឌដ៏មានសារៈសំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសទាំង៣ តាមរយៈការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កូរ៉េ-ចិន-ជប៉ុន» ។
គួររម្លឹកថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសអាស៊ីបូព៌ាទាំងបី បានធ្វើឡើងមុនការប្រកាសនឹងការកំណត់ពន្ធបន្ថែមដូចដែលបានគ្រោងទុករបស់លោកត្រាំ (Trump) នៅថ្ងៃពុធ ទី២ ខែមេសា ខណៈលោកត្រាំ កំពុងតែព្យាយាមធ្វើសកម្មភាពជាបន្តបន្ទាប់ជុំវិញអ្វីដែលលោកពណ៌នាថា ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters