ពាងទឹកចម្រុះពណ៌ជាច្រើន ត្រូវបានដឹកយកមកដាក់នៅតំបន់ត្រជាក់ចិត្ត ត្រៀមការលេងកម្សាន្តក្នុងការបើកព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង
បាត់ដំបង៖ អនុគណៈកម្មការតំបន់ពាងទឹកសង្ក្រាន្តបាត់ដំបង២០២៥ បាននិងកំពុងរៀបចំពាងទឹកចម្រុះពណ៌យកមកដាក់ពង្រាយនៅក្នុងតំបន់ពាងទឹក ត្រៀមទុកសម្រាប់ការលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ២០២៥ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ។
តាមការពិនិត្យជាក់ស្តែង នៅតំបន់ពាងទឹកសម្រាប់សង្រ្កាន្តបាត់ដំបង ២០២៥ កំពុងរៀបចំពាងចម្រុះពណ៌ចំនួន៥០ពាងត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃបើកព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅលេងកម្សាន្តកាន់តែមានភាពសប្បាយរីករាយ ។
ដោយកម្មវិធីសង្ក្រាន្តបាត់ដំបងឆ្នាំនេះផ្តើមរៀបចំសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងរដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។
តំបន់ពាងទឹកគឺជាតំបន់មួយ ក្នុងចំណោមតំបន់ទាំងដប់មួយនៃឱកាសសង្ក្រាន្តបាត់ដំបង២០២៥ ដែលមានកម្មវិធីសប្បាយៗជាច្រើន រួមមានការលេងទឹកបែបខ្មែរ និង មានពាងចម្រុះពណ៌ស្តុកទឹកបន្ថែមសម្រាប់ការកម្សាន្តផងដែរ ។
សូមបញ្ជាក់ថា ទីតាំងសង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥នេះ មានចំនួន១១តំបន់សំខាន់ៗរួមមាន តំបន់វេទិការបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង (ដែលមានការតាំងពិព័រណ៍ក្រុង-ស្រុក) ពិព័រណ៍ភូមិ១ ផលិតផល១ ទីតាំងល្បែងប្រជាប្រិយខ្មែរ តំបន់តន្រ្តីស្រុកស្រែ តំបន់សាសនាតំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ តំបន់ពិព័រណ៌ទូទៅ និងតំបន់តន្រ្តីសម័យ ៕
អត្ថបទ៖ ឡាច សុគន្ធាវី