មន្ត្រីរំពឹងថា អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នឹងទាក់ទាញភ្ញៀវទេសចរច្រើនជាងឆ្នាំមុន
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ មានសុទិដ្ឋិនិយមថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តកើនឡើងខ្ពស់ បើធៀបនឹងការប្រារព្ធពិធីនេះកាលពីឆ្នាំមុន។
ថ្លែងប្រាប់ CNC នៅថ្ងៃនេះ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រសួងបានចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ឱ្យលើកកម្ពស់គុណភាពផលិតផល សេវាកម្ម និងបដិសណ្ឋារកិច្ច។ លោកស្រីបានសង្កត់ធ្ងន់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺត្រូវតែប្រារព្ធឡើងដោយភាពកក់ក្តៅ មិត្តភាព និងស្នាមញញឹម ដើម្បីបង្កើតបរិយាកាសស្វាគមន៍ភ្ញៀវទេសចរណ៍។
លោកស្រីបានមានប្រសាសន៍ថា អ្វីដែលសំខាន់បំផុតគឺការបង្ហាញពីអត្តសញ្ញាណខ្មែររបស់យើងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអនុញ្ញាតឱ្យពួកគេទទួលបានបទពិសោធន៍ពីប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលបានបន្សល់ទុកតាំងពីដូនតារបស់យើង។
លោកស្រី ហ៊ុន ដានី ក៏បានលើកឡើងពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំរបស់កម្ពុជានៅដើមឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវអន្តរជាតិ ខណៈដែលតាមការរំពឹងទុករបស់ក្រសួងនៅឆ្នាំនេះ កម្ពុជាអាចនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិពី ៧,២លាននាក់ ទៅ ៧,៥លាននាក់។
ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយនៅក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការគិតគូរពីទេសចរណ៍នៅគ្រប់រចនាសម្ព័ន្ធ និងគ្រប់ផលិតផលសេវាកម្មទេសចរណ៍ទាំងអស់នៅតាមសហគមន៍។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ហួត ហាក់ កំពុងអនុវត្តសសរស្តម្ភសំខាន់ៗចំនួន ៦ នៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ដែលរួមមាន៖ ទី១.កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ, ទី២. កិច្ចសហប្រតិបត្តិការជាមួយថ្នាក់ក្រោមជាតិ, ទី៣. កិច្ចសហប្រតិបត្តិការជាអន្តរជាតិ, ទី៤. កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន, ទី៥. កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ និងទី៦. កិច្ចសហប្រតិបត្តិការដែលមានការចូលរួមពីបុគ្គលម្នាក់ៗ ដែលសុទ្ធតែជាតួអង្គសំខាន់ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីវិស័យទេសចរណ៍។
ដើម្បីឲ្យចក្ខុវិស័យនេះសម្រេចទៅបានក្នុងនាមក្រសួទេសចរណ៍, លោកស្រី ហ៊ុន ដានី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ជាពិសេសផ្តើមចេញពីបុគ្គលម្នាក់ៗចូលរួមផ្សព្វផ្សាយអំពីទិសស្លោកសំខាន់ៗចំនួន៣ នៅក្នុងវិស័យទេសចរណ៍ ដែលរួមមាន ទី១. ទេសចរណ៍ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីទេសចរណ៍, ទី២. ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងទី៣.បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ ដើម្បីចូលរួមនៅក្នុងការលើកកម្ពស់និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារបស់យើងឲ្យកាន់តែរីកចម្រើនថែមទៀត។
លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា មានជំនឿថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរបរទេសមកលេងកម្សាន្តកាន់តែច្រើនឡើងជាងមុនឆ្នាំ ខណៈដែលកន្លងមកអង្គរសង្ក្រាន្តឆ្នាំមុនៗ គឺភាគច្រើនទាក់ទាញតែភ្ញៀវនៅក្នុងស្រុកច្រើនជាងភ្ញៀវបរទេសប៉ុណ្ណោះ។
លោកបានស្នើថា កម្ពុជាគួរកំណត់ការរៀបចំពិធីអង្គរសង្ក្រាន្តឲ្យបានជាក់លាក់តាមរយៈការដាក់បញ្ចូលក្នុងប្រតិទិន ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករទេសចរអាចលក់កញ្ចប់ដំណើរកម្សាន្តយ៉ាងហោចណាស់ពី ៦ ខែទៅមួយឆ្នាំជាមុន។ នេះនឹងជួយដល់ភ្ញៀវទេសចរអន្តរជាតិរៀបចំផែនការធ្វើដំណើររបស់ពួកគេកាន់តែមានប្រសិទ្ធភាព។
ទោះជាយ៉ាងណា ក្រៅពីមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប គួបផ្សំជាមួយការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយនោះ, ប្រទេសកម្ពុជា ក៏មានភាពអំណោយផលនៃទីតាំងភូមិសាស្ត្ររបស់ខ្លួនដែរ ពោលគឺកម្រជួបគ្រោះធម្មជាតិដែលបង្កគ្រោះថ្នាក់ធ្ងន់ ធ្ងរណាស់ ដូចជា ការរញ្ជួយដី បន្ទុះភ្នំភ្លើង ទឹកជំនន់ និងខ្យល់ព្យុះ ជាដើម។ កត្តាទាំងនេះ កំ ពុងកំណត់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងពិភពលោក។
សូមជម្រាបថា ពិធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ខាងមុខនេះ នឹងមានទ្រង់ទ្រាយធំ និងប្លែកជាងឆ្នាំមុនៗ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវស្នាមញញឹមដល់គ្រួសារខ្មែរ និងបម្រើជាវេទិកាមួយដើម្បីអបអរសាទរបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ សំខាន់ជាងនេះទៅទៀត វានឹងពង្រឹងកេរ្តិ៍ឈ្មោះរបស់ខេត្តសៀមរាប ក្នុងនាមជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកទស្សនាទឹកដីបុរាណបៃតងនៃតំបន់អង្គរ៕
អត្ថបទ៖ ចេង ឆហួត