ឆេះផ្ទះពលរដ្ឋទាំងព្រឹក នៅខណ្ឌ៧មករា សង្ស័យឆ្លងចរន្តអគ្គិនី
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ៦:៥នាទីព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ៧១E1 ផ្លូវលេខ៦៦ ភូមិ០១ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មបេតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ឆេះខូចខាតកុងម៉ា និងសម្ភារប្រេីប្រាស់ប្រចាំថ្ងៃអស់មួយចំនួន តែពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៦:២០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។
អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យ៕
អត្ថបទ៖ ឌីយ៉ាម៉ង់