គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនាំឱ្យរៀបចំមានការលេងល្បែងប្រជាប្រិយខ្មែរ និងទប់ស្កាត់ឱ្យបានល្បែងណាដែលប្រាសចាកនឹងច្បាប់ ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានធ្វើការណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ឱ្យរៀបចំមានការលេងល្បែងប្រជាប្រិយខ្មែរ និងទប់ស្កាត់ឱ្យបានល្បែងណាដែលប្រាសចាកនឹងច្បាប់ ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ បានឱ្យណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចណែនាំម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជន មណ្ឌលកម្សាន្ត រមណីយដ្ឋាននានា ឱ្យតុបតែងលម្អ ដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងដុតគោម បំភ្លឺភ្លើងពណ៌ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ជាមួយគ្នានេះ សហការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង ព្រមទាំងបង្កលក្ខណៈល្អប្រសើរ តាមមណ្ឌលកម្សាន្ត និងរមណីយដ្ឋាននានា ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមកម្សាន្តសប្បាយ។
ទន្ទឹមនឹងនេះ ក៏ត្រូវរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ ហើយចៀសវាងនិងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិ ដូចជាល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។ល។ ម្យ៉ាងទៀត ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះអគ្គិភ័យ។
សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។
ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីទទួលអំណរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែង នូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត និងថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ” និងជូនពរថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបុព្វការីជន ទាំងឡាយ មានមាតាបិតា គ្រូឧបជ្ឈាយាចារ្យ ចាស់ព្រឹទ្ធាចារ្យជាដើម សំដៅបង្កើនឡើងនូវមនោសញ្ចេតនាគោរព ស្រឡាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទទួលបាននូវសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី។
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ នឹងប្រព្រឹត្តតាមដំណើរ សង្ក្រាន្ត ដូចតទៅ គឺនៅ ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤:៤៨នាទី ទៀបភ្លឺ (រំលងអធ្រាត្រ នៃយប់ថ្ងៃទី១៣) ជាថ្ងៃចូលឆ្នាំថ្មី។ និងថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃវ័នបត។ ហើយនិងថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃឡើងស័ក។ គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំម្សាញ់ សប្តស័ក តរៀងទៅ៕
អត្ថបទ៖ CNC