អាជ្ញាធរខេត្តកំពង់ស្ពឺ ណែនាំឱ្យកាយមុខទឹក ដេីម្បីរំដោះវិទ្យាល័យ ហ៊ុន សែន អង្គមេត្រីចេញពីជំនន់ទឹកកខ្វក់
កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចុះសិក្សាបន្ទាន់ ដើម្បីកាយបើកមុខទឹករំដោះវិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ចេញពីជំនន់ទឹកកខ្វក់ ខណៈរដូវវស្សាចូលមកដល់។ការណែនាំនេះ ធ្វើឡើងក្រោយក្រុមការងារចម្រុះថ្នាក់ខេត្តចុះពិនិត្យទីតាំងជាក់ស្តែង និងរកដំណោះស្រាយក្នុងការបញ្ចៀសការលិចទឹកជាអចិន្ត្រៃយ៍ក្នុងបរិវេណ វិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ស្ថិតក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។
លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានលើកឡើងថា ជារៀងរាល់ឆ្នាំវិទ្យាល័យ ហ៊ុន សែន អង្គមេត្រីតែងតែរងការជន់លិចនៅរដូវវស្សា តែមិនធ្ងន់ធ្ងរនោះទេ។ ជំនន់ទឹកភ្លៀងតែងតែបង្កការលិចលង់នៅផ្នែកខ្លះនៃវិទ្យាល័យ ពិសេសផ្លូវចូលខាងមុខវិទ្យាល័យ ប៉ុន្តែមិនយូរប៉ុន្មានទឹកក៏បានហូរទៅវិញអស់មិនបង្កផលប៉ះពាល់ការសិក្សារបស់សិស្សនោះទេ។ ដោយឡែកទើបតែឆ្នាំនេះទេ ដែលទីធ្លាវិទ្យាល័យត្រូវបានទឹកស្អុយ កខ្វក់ចេញពីរោងចក្រហូរចូលបង្កការរំខានដល់ការសិក្សាដោយសារតែក្លិនស្អុយខ្លាំង។
លោក ជេត ដុំ បានបន្តថា ដោយកត្តាជីវភាពរីកចម្រើន ប្រជាពលរដ្ឋបានធ្វើការចាក់បំពេញដីរបស់ខ្លួនដោយបានលុបប្រព័ន្ធប្រឡាយជាមុខទឹក ធ្វើឱ្យទឹកមិនអាចហូរចេញបាន។ មួយវិញទៀតដោយខេត្តមានការអភិវឌ្ឍន៍ខ្លាំងលើវិស័យរោងចក្រ សហគ្រាស ទីប្រជុំជនផ្សារ និងតម្រូវការខ្ពស់នូវកម្មករ កម្មការិនី ដែលធ្វើឱ្យការប្រើប្រាស់ទឹក និងកាកសំណល់មានការកើនឡើងខ្ពស់កាកសំណល់ត្រូវបានបញ្ចេញមកទីសាធារណៈ និងហូរជ្រាបទៅផ្តុំនៅតំបន់ទំនាប និងស្របពេលដែលមុខទឹកត្រូវចាក់បិទផងនោះធ្វើសាលាដែលមានទីធ្លាទាបត្រូវទទួលរងការជន់លិចដោយទឹកកាកសំណល់ទាំងនោះ។
ដើម្បីដោះស្រាយនូវផលប៉ះពាល់ដែលបង្កឡើងដោយទឹកកខ្វក់ កាកសំណល់ចេញពីរោងចក្រ និងទីប្រជុំជនផ្សារ លោក ជេត ដុំ បានដាក់វិធានការបន្ទាន់ទៅដល់មន្ទីរជំនាញពាក់ពន្ធ័ទាំងអស់ត្រូវចុះសិក្សាកាយបើកមុខទឹកស្អុយនេះបង្ហូរឱ្យចូលទៅក្នុងស្ទឹងតូច។ ទន្ទឹមនោះមន្ទីរជំនាញ អាជ្ញាធរស្រុកទាំង២ ត្រូវចុះពិនិត្យអាងប្រព្រឹត្តកម្មរបស់រោងចក្រនីមួយៗដែលពាក់ព័ន្ធនឹងណែនាំឱ្យបញ្ឈប់ការបង្ហូរកាកសំណល់ប្រើប្រាស់ទាំងអស់មកទីសាធារណៈបន្តទៀត៕
អត្ថបទ៖ប៊ុត សារុន