ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ាទ្រង់ទ្រាយធំក្នុងសហរដ្ឋអាម៉េរិក ប្រឆាំងនឹងគោលនយោបាយដឹកនាំរបស់រដ្ឋបាលលោកដូណាល់ត្រាំ

image


សហរដ្ឋអាម៉េរិក៖ ពលរដ្ឋអាម៉េរិករាប់ពាន់នាក់បាននាំគ្នាធើ្វយុទ្ធនាការតវ៉ានៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការដឹកនាំរបស់រដ្ឋបាលលោកដូណាល់ត្រាំ និងក្រុមមនុស្សជំនិតរបស់លោក ដូចជាលោក Elon Musk ដែលបានកំពុងធើ្វកំណែទម្រង់ប្រព័ន្ធសង្គមរបស់សហរដ្ឋអាម៉េរិកយ៉ាងស៊ីជម្រៅ និងកំពុងប៉ុងប៉ងកែប្រែច្បាប់ដើម្បីពង្រីកសិទ្ធិអំណាច ក៏ដូចជាដើម្បីផ្តល់លទ្ធភាពឱ្យលោកដូណាល់ត្រាំអាចបន្តអាណត្តិជាប្រធានាធិបតីនៅថ្ងៃខាងមុខ។


គិតជាសរុប មានការប្រមូលផ្តុំតវ៉ារហូតដល់ជាង ១០០០កន្លែងនៅទូទាំងរដ្ឋចំនួន ៥០របស់សហរដ្ឋអាម៉េរិក ហើយនិងមានមនុស្សចូលរួមជាង ២៤ម៉ឺននាក់កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីប្រឆាំងនឹងការរឹតបន្តឹងគោលនយោបាយពន្ធគយរបស់លោកដូណាល់ត្រាំ ទៅលើបណ្ដាប្រទេសសរុបជាង ១០០លើពិភពលោក។


ជុំវិញស្ថានភាពនេះ ក្រុមបាតុករក្នុងរដ្ឋធានី Washington បានសម្តែងការរិះគន់ខ្លាំងចំពោះសកម្មភាពរបស់ក្រសួងប្រសិទ្ធិរដ្ឋាភិបាលរបស់លោក Elon Musk ដែលបានធើ្វការបណ្តេញមន្រ្តីសហព័ន្ធរបស់អាម៉េរិករាប់ម៉ឺននាក់ចេញពីតួនាទី ក្រោមហេតុផលកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដែលបានធើ្វឱ្យប៉ះពាល់ខ្លាំងដល់ដំណើរការសេវាសាធារណៈនៅក្នុងសហរដ្ឋអាម៉េរិក។


ពាក់ព័ន្ធនឹងរឿងនេះ គិតជាសរុបមានមន្រ្តីសហព័ន្ធអាម៉េរិកជាង ២០ម៉ឺននាក់ ត្រូវបានគេបណ្តេញចេញពីតំណែង ខណៈមន្រ្តីជាច្រើនម៉ឺននាក់ផ្សេងទៀតត្រូវបានគេរឹតបន្តឹងអត្ថប្រយោជន៍ក្នុងការបំពេញមុខងារ ជាពិសេសនៅក្នុងស្ថាប័នផ្នែករដ្ឋបាលសន្តិសុខសង្គម៕


គួរជម្រាបថា ចលនាបាតុកម្មនេះគឺជាការតវ៉ាទ្រង់ទ្រាយធំរបស់ពលរដ្ឋអាម៉េរិក គិតចាប់តាំងពីលោកដូណាល់ត្រាំបានស្បថចូលកាន់តំណែងកាលពីចុងខែមករាកន្លងទៅ និងជាសញ្ញាបង្ហាញឱ្យឃើញអំពីការកើនឡើងនូវទំនោរមិនពេញចិត្តរបស់ពលរដ្ឋអាម៉េរិក មកលើគោលនយោបាយដឹកនាំរបស់រដ្ឋបាលលោកដូណាល់ត្រាំ៕


ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Al Jazeera