សមយុទ្ធផ្លូវអាកាសរបស់ប្រទេសក្រិក ទទួលបានការចូលរួមពីកងកម្លាំងប្រទេសសម្ព័ន្ធមិត្តចំនួន ១៤
ក្រិក៖ នៅក្នុងព្រឹត្តិការណ៍សមយុទ្ធផ្លូវអាកាសអន្តរជាតិរបស់ប្រទេសក្រិកកាលពីថ្ងៃចន្ទម្សិលមិញ គេឃើញមានការចូលរួមពីកងយោធារបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្តសរុបចំនួន ១៤ ដើម្បីធើ្វការបង្ហាញរួមគ្នានូវសមត្ថភាពហោះហើររបស់យន្តហោះចម្បាំងស៊េរីទំនើបៗមួយចំនួន នៅពីលើដែនអាកាសក្បែរមូលដ្ឋានទ័ពមួយកន្លែងស្ថិតនៅតំបន់ភាគខាងលិចប្រទេសក្រិក ខណៈសមយុទ្ធហោះហើរនេះ គឺនឹងត្រូវធើ្វឡើងរហូតដល់ថ្ងៃទី ១១ ខែមេសាខាងមុខ និងមានគោលដៅដើម្បីពង្រឹងកិច្ចសហការយុទ្ធសាស្រ្ត និងការត្រៀមខ្លួនសម្រាប់បេសកកម្មរួមគ្នា។
បើតាមប្រភពមេបញ្ជាការទ័ពអាកាសរបស់ប្រទេសក្រិកបានបញ្ជាក់ថា សមយុទ្ធហោះហើរនេះ នឹងត្រូវធើ្វឡើងដោយរួមបញ្ចូលរាល់សេណារីយ៉ូ និងឈុតឆាកប្រយុទ្ធសម័យទំនើប ដែលគេបានរៀនសូត្រចេញពីវិបត្តិសង្គ្រាមនានានៅទូទាំងពិភពលោក ដើម្បីសាកល្បងសមត្ថភាពប្រតិបត្តិការរួមគ្នារវាងកងកម្លាំងសម្ព័ន្ធមិត្ត។
ប្រភពដដែលបានបន្តថា មានប្រទេសក្នុងតំបន់ជាច្រើនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមកចូលរួមក្នុងការធើ្វសមយុទ្ធប្រចាំឆ្នាំរបស់កងទ័ពអាកាសក្រិក ដែលគេឱ្យឈ្មោះថា “សម្ព័ន្ធទ័ពអាកាស Hellenic“ ដោយរួមមានដូចជា ប្រទេសបារាំង អ៊ីតាលី ម៉ុងតេណេហ្គ្រោ ប៉ូឡូញ ស្លូវេនី អេស្បាញ សហរដ្ឋអាម៉េរិក អ៊ីស្រាអែល រួមនិងបណ្តាប្រទេសដៃគូមួយចំនួនផ្សេងទៀតដែលបានចូលរួមចំណែកគាំទ្រដល់វិស័យទ័ពអាកាសប្រទេសកិ្រក ខាងផ្នែកយន្តហោះចម្បាំងទំនើបៗ ហើយនិងគ្រឿងបច្ចេកទេស។
ជុំវិញសមយុទ្ធផ្លូវអាកាសនេះដែរ បើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសក្រិកបានធើ្វការលម្អិតថា មានការសាកល្បងសេណារីយ៉ូ និងឈុតឆាកប្រតិបត្តិការដែនអាកាសសំខាន់ៗមួយចំនួន ដូចជា៖ ប្រតិបត្តិការការពារ និងប្រឆាំងបេកកម្មផ្លូវអាកាសរបស់សត្រូវ, ប្រតិបត្តិការស្វែងរកនិងសង្គ្រោះគោលដៅ, ប្រតិបត្តិការការពារទីតាំងយុទ្ធសាស្រ្ត និងការវាយកម្ទេចគោលដៅឆាប់រហ័ស៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect