មេដឹកនាំរ៉ូម៉ានី ព្រមានពីហានិភ័យប្រសិនបើអឺរ៉ុបនិងសហរដ្ឋអាម៉េរិកនៅតែបន្តដំឡើងពន្ធលើគ្នាទៅវិញទៅមក
រ៉ូម៉ានី៖ ប្រធានាធិបតីបណ្ដោះអាសន្នរបស់រ៉ូម៉ានី លោក អ៊ីលី ប៊ូចាន់ (Ilie Boojan) កាលពីថ្ងៃអង្គារ បានចេញនូវការក្រើនរម្លឹកថា ប្រទេសនេះ អាចនឹងធ្លាក់ចុះការវិនិយោគ និងអាចមានវិបត្តិសេដ្ឋកិច្ច ប្រសិនបើសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិកបន្តដំឡើងពន្ធគយតបតប្រឆាំងគ្នាទៅវិញទៅមកជាបន្តបន្ទាប់ ។
សហភាពអឺរ៉ុប បានស្នើកំណត់ពន្ធតបតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការកំណត់ពន្ធគយពីសំណាក់រដ្ឋបាលរបស់លោកដូណាល់ត្រាំ (Donald Trump) ជាបញ្ហាពន្ធដែលបានជះឥទ្ធិពលដល់ប្រទេសជាច្រើន, បង្កអស្ថិរភាពនៅក្នុងទីផ្សារភាគហ៊ុន, រួមទាំងក្ដីព្រួយបារម្ភថាអាចនឹងកើតមានវិបត្តិសេដ្ឋកិច្ចសកល ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីបណ្ដោះអាសន្នរបស់រ៉ូម៉ានីរូបនេះ បានមានប្រសាសន៍ថា «វាពិតជាលំបាកខ្លាំងណាស់ក្នុងការប៉ាន់ស្មានថា តើផលវិបាកនៃពន្ធគយរបស់លោកត្រាំ (Trump) នឹងវិវត្តទៅជាយ៉ាងណាខ្លះ ហើយការឆ្លើយតបរបស់បណ្ដាប្រទេស និងទីផ្សារដទៃទៀត នឹងធ្វើឱ្យមានរឿងអ្វីខ្លះដែលកាន់តែស្មុគស្មាញថែមទៀត» ។
កាលពីដើមសប្ដាហ៍នេះ ទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោក ផេតទ័រ ណាវ៉ារ៉ូ (Peter Navarro) បានលើកឡើងថា ប្រសិនសហភាពអឺរ៉ុប ចង់ឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយកំណត់ដោយសហរដ្ឋអាម៉េរិក តំបន់នេះចាំបាច់គួរតែកាត់បន្ថយពន្ធមួយចំនួន រួមទាំងពន្ធលើតម្លៃបន្ថែម(VAT)ដែលនាំឱ្យទំនិញអាម៉េរិកមានតម្លៃថ្លៃជាងនៅពេលនាំចូលទៅកាន់តំបន់អឺរ៉ុប ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Various Sources