ឈ្វេងយល់ពី ចូលឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ និទានរឿងសត្វពស់
ភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ នេះ CNC សូមនាំប្រិយមិត្តឈ្វេងយល់ពីសត្វពស់ដោយហេតុថា «សត្វពស់ជាតំណាងឱ្យឆ្នាំម្សាញ់»។
ជាដំបូង CNC សូមនាំឱ្យលោកអ្នកដែលកើតឆ្នាំម្សាញ់ឱ្យបានយល់ថា ដោយយោងតាមសៀវភៅមហាសង្ក្រាន្តឆ្នាំម្សាញ់ ដែល CNC ទទួលបានពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា លោកអ្នកកើតឆ្នាំម្សាញ់ ពង្សមនុស្សប្រុស នាមសត្វពស់ ធាតុភ្លើង មូលព្រលឹង នៅឯគុម្ពឫស្សី នៅក្នុងដីភូមិគប្បីដាំដើមឫស្សីនេះ ដើម្បីជាសិរីសួស្តីដល់ខ្លួន។
ឯកសារដដែលនេះ បានបញ្ជាក់ថា អ្នកកើតឆ្នាំម្សាញ់ គឺសត្វពស់តូច មាត់ដង្កាប់ដែក មានសាហាយស្មន់។ ផ្កាយ សុក្រជាមាត់ និយាយច្រើនពេក ទាំងស្រីទាំងប្រុសត្រូវចិត្តត្រូវថ្លើម ជន្មាយុនៅពោះព្រះ ព្រហ្ម ជាមនុស្សឆាប់ខឹង ពិបាកយល់ចិត្ត ចូលចិត្តជិះជាន់បង្ខិតបង្ខំ ។ ផ្កាយចន្ទនិងផ្កាយ សៅរ៍ជាដៃ រវៀសរវៃធ្វើការងារលឿន សម្រេចទាន់ចិត្តបានផលភ្លាមៗ ។
ផ្កាយអាទិត្យជា ចិត្ត មានចិត្តគំនិតប្រែប្រួល ងាយនឹងផ្លាស់ប្តូរ មានចិត្តឆេវឆាវ និយាយហើយអត់ចាំ ខ្វះភាពសំខាន់ គ្រប់យ៉ាងមិនទៀង។ ផ្កាយអង្គារនិងផ្កាយព្រហស្បតិ៍ជាជើង គ្រប់យ៉ាងតែង តែមានស្នៀត មិននៅមួយកន្លែង ចូលចិត្តស្វះស្វែងដើរជិតដើរឆ្ងាយត្រាច់ពនេចរ។
បើយោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត បានព្យល់ថា «ពស់» ជាសត្វពួកទីឃជាតិអាសិរពិសផ្សេងៗ : ពស់វែករនាម, ពស់វែកដំបូក, ពស់វែកស្រងែ, ពស់ក្រាយ, ពស់ពព្លាក់; ពស់សង់សឿ, ពស់ព្រៃ, ពស់ទងត្រាវ, ពស់ព្រលឹត, ពស់សម្លាប់កង្កែប។ល។
បើយោងតាមការស្រាវជ្រាវរបស់ CNC វិញ បានឱ្យដឹងថា ពស់នៅក្នុងវប្បធម៌ខ្មែរសំដៅទៅលើប្រសិនបើយល់សប្តិឃើញពស់មានន័យថា បើជានារីជាអ្នកយល់សប្តិគឺមានបុរសតាមស្រលាញ់ ហើយបើបុរសយល់សប្តិវិញ គឺមាននារីតាមស្រលាញ់។
ជនជាតិខ្មែរដែលកាន់ព្រះពុទ្ធសាសនា ជាប់លាប់និងមានជំនឿមុតមាំលើពុទ្ធសាសនានោះគឺមិនទទួលទានសត្វពស់នោះទេ ដោយហេតុថាមានរឿងដំណាលសត្វពស់នាគរាជធ្លាប់ធ្វើជាម្លប់ថ្វាយព្រះសមគោត្តមពេលព្រះអង្គទ្រង់ព្រះផ្នូសនៅឯព្រៃហិមពាន្ត។ ដោយឡែកថ្លាន់ជាប្រភេទនៃអម្បូរសត្វពស់ដែលខ្មែរហៅថា «សត្វពស់ថ្លាន់ៗ»។ ហើយប្រសិនបើមានសត្វពស់ថ្លាន់វាចូលក្នុងផ្ទះដែលមានន័យថាសត្វនោះនាំព្រេងសំណាងឱ្យមនុស្សរស់នៅក្នុងផ្ទះនោះឬក្នុងភូមិនោះ ក៏ប៉ុន្ដែគេត្រូវទទួលយកព្រេងសំណាងនោះតាមរបៀបយកប្រេងម្សៅឬទឹកអប់មកបាញ់លាលនលើខ្លួនពស់ថ្លាន់និងយកវាទៅលេងចោលនៅក្នុងស្រះវត្តឬបឹងត្រពាំងផ្សេងៗ។ រឹតតែពិសេសជាងនេះទៅទៀតគេនិមន្តព្រះសង្ឃ ឬអាចារ្យសូត្រធម៌ឧទ្ទិសដល់ពស់ថ្លាន់នោះទៅឱ្យបានសុខសប្បាយនិងនាំត្រជាក់ត្រជំក្សេមក្សាន្ត។
ដោយឡែកនៅក្នុងទិដ្ឋភាពអន្តរជាតិវិញ ដោយយោងតាមអ្នកវិទ្យសាស្ដ្រជំនាញស្រាវជ្រាវខាងសត្វពស់ឬ ទីឃជាតិវិទូឱ្យដឹងថា នៅលើផែនដីយើងនេះមានអម្បូរពស់ជាង២០ខុសៗគ្នា ដោយចែកចេញជាប្រមាណ៥០០ប្រភេទពស់និងមានឈ្មោះផ្សេងៗគ្នា។ ឧបមាថា ពស់វែករនាម, ពស់វែកដំបូក, ពស់វែកស្រងែ, ពស់ក្រាយ, ពស់ពព្លាក់; ពស់សង់សឿ, ពស់ព្រៃ, ពស់ទងត្រាវ, ពស់ព្រលឹត, ពស់សម្លាប់កង្កែប។ល។ រហូតដល់ទៅជិត៤ពាន់ឈ្មោះឯណោះ។
អ្នកវិទ្យាសាស្ដ្រដដែលបានឱ្យដឹងទៀតថា សត្វពស់មាននៅសឹងតែគ្រប់ទិសទីលើពិភពលោក ក៏ប៉ុន្ដែនៅលើទឹកដីប្រទេសអៀរឡង់(ផ្នែកមួយនៃចក្រភពអង់គ្លេស) នៅហ្គ្រីនលែន នៅហាវ៉ៃ សហរដ្ឋអាម៉េរិក នូវ៉ែសេឡង់ នៅតំបន់មួយចំនួនភាគខាងជើងប្រទេសកាណាដា និងនៅអឌ្ឍគោលខាងជើង សឹងតែគ្មានសត្វពស់រស់នៅនោះទេ ដោយសារកត្តាធម្មជាតិនិងអាកាសធាតុមិនអំណោយផលដល់សត្វពស់រស់នៅនោះទេ។
រីឯចង្កោមពស់វែកជាពិសេសដែលមានពិសអាចខាំឬចឹកមនុស្សឱ្យស្លាប់បាន ប៉ុន្ដែក្រុមអ្នកវេជ្ជាសាស្ដ្រជំនាញខាងពិសពស់បានច្នៃពិសសត្វពស់ទៅជាថ្នាំព្យាបាលជំងឺបាន មានជាអាទិ៍ ថ្នាំបំបាត់ឈឺសន្លាក់ទូទៅ ហើយជាពិសេសចង្កោមពស់វែករនាមនៅប្រទេសប្រេស៊ីលសម្បូរទៅដោយសារជាតិ Captopril ដែលអ្នកវេជ្ជសាស្ដ្របានយកមកច្នៃធ្វើជាថ្នាំព្យាបាលជំងឺលើសឈាម ឃាត់ឈាម ជំងឺ Contostratim (មហារីកគ្រាប់ឈាម)។
ចំណែកឯរឿងព្រេងនិទានជាពិសេសមួយរបស់ជនជាតិក្រិក បានបណ្តាលឱ្យសត្វពស់ដែលនៅព័ទ្ធជុំវិញដំបង បានក្លាយទៅជា «និមិត្តសញ្ញា» (Logo) នៃអង្គការសុខភាពពិភពលោក ក្នុងនោះក៏រួមមានទាំង«និមិត្តសញ្ញា»របស់ក្រសួងសុខាភិបាលកម្ពុជានាពេលបច្ចុប្បន្នផងដែរ។
រឿងនិទានខាងលើនេះទៀតសោត បានដំណាលថា សម្ដេចមួយព្រះអង្គមានព្រះនាមថា Asklepios Esculapse ព្រះអង្គមានព្រះរាជដំណើរកាត់តាមព្រៃដោយមានពួកអាមាត្យហែហមជាច្រើន ពេលនោះជាចៃដន្យសត្វពស់មួយក្បាលបានមកហ៊ុមព័ទ្ធឈើច្រត់របស់ព្រះ ហើយព្រះអង្គបញ្ញាញាណគ្រវាសគ្រវាត់វាយសម្លាប់សត្វពស់នោះទៅ។ ភ្លាមៗមួយរំពេចនោះ ព្រះអង្គបានឃើញសត្វពស់មួយក្បាលទៀតវារមកខ្ជាក់ពិសលើសត្វពស់ដែលទើបនឹងងាប់ ហើយស្រាប់តែពស់នោះរស់ឡើងវិញ ហើយពួកវាក៏នាំគ្នាវារចាកចេញពីព្រះអង្គទៅ ដោយលែងរំខានយាយីព្រះអង្គទៀតឡើយ។
ជាមួយគ្នានេះដែរ ក៏មានរឿងដំណាលបន្តទៀតថា ព្រះអង្គមានព្រះរាជបុត្រីព្រះនាម Hygie បានប្រើប្រាស់ពែងសម្រាប់ដាក់ថ្នាំពេលព្យាបាលព្រះនាងប្រឈួន។ លុះចំណេរក្រោយមកនៅឆ្នាំ១៧៩៦ គេបានយកពែងនោះផ្តិតជាមួយរូបពស់ធ្វើជាសញ្ញាសមាគមផលិតឱសថអន្តរជាតិ ហើយននៅឆ្នាំ១៩៦៤ សមាគមឱសថសាស្ដ្រអាម៉េរិកបានប្រកាសជាផ្លូវការដោយយករូបភាពពែងដាក់ថ្នាំព្យាបាលព្រះរោគព្រះនាង Hygie ធ្វើជា«និមិត្តសញ្ញានៃវិស័យវេជ្ជសាស្ដ្រអាម៉េរិក»។
ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្ដ្រ បានឱ្យដឹងថា ពស់ញីមានពងច្រើនណាស់ ហើយពស់ញីសម្បូរជាងពស់ឈ្មោល។
សូមជម្រាបជូនថា ចូលឆ្នាំថ្មី ឆ្នាំម្សាញ់នេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥
ហើយទេព្ដាព្រះនាម «គោរាគទេវី» ជាបុត្រីទី២ នៃកបិលមហាព្រហ្ម និងជាទេពធីតាសង្ក្រាន្តប្រចាំ «ថ្ងៃចន្ទ» ទ្រង់អម្ពរ «ពណ៌លឿង» លម្អព្រះកាណ៌ «សៀតផ្កាអង្គារបុស្ប» គ្រឿងប្រដាប់ «កែវមុក្តា» ភក្សាហារ ប្រេង គ្រឿងអាវុធ ព្រះហស្ថស្តាំ «ព្រះខ័ន» ព្រះហស្ថឆ្វេង «យដ្ឋិ (ឈើច្រត់)» យានពាហនៈ និងអាការ និន្ទ្រាលង់លក់ជាសុខសម្រាន្តលើខ្នងព្យគ្ឃ (ខ្លាធំ)៕
អត្ថបទ៖ CNC